ក្រុមហ៊ុន JVA(Jeep Vietnam Automobile) ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Jeep បានធ្វើការចេញលក់នូវរថយន្ត RAM 1500 សម្រាប់ទីផ្សារប្រទេសវៀតណាម ជាមួយជម្រើស ៣ម៉ូឌែល។
ចំពោះទីផ្សារប្រទេសវៀតណាម RAM 1500 ផ្តល់ជម្រើស ៣ម៉ូឌែលគឺ Laramie, Laramie Night Edition និង Longhorn។ សម្រាប់ប្រភេទ Laramie មានតម្លៃ ៥ ៣៨៨លានដុង(២៣៦ ៥៥០ដុល្លារ), Laramie Night Edition មានតម្លៃ ៥ ៤៨៨លានដុង(២៤០ ៩៥០ដុល្លារ) និង Longhorn មានតម្លៃ ៥ ៦៨៨លានដុង(២៤៩ ៧៣០ដុល្លារ)។
ជាមួយតម្លៃនេះ RAM 1500 ធ្វើអោយវាក្លាយជារថយន្តភីកអាប់ថ្លៃជាងគេដែលកំពុងមានវត្តមាននៅលើទីផ្សារប្រទេសវៀតណាម និងមានតម្លៃថ្លៃជាងរថយន្ត Ford Ranger Raptor ជិត៥ដង (៥២ ៦៩០ដុល្លារ)។
រថយន្ត RAM 1500 បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ៥,៧លីត្រ V8 ផលិតកម្លាំងបាន ៣៩៥សេះ និងកម្លាំងបង្វិល ៥៥៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ រថយន្តនេះស៊ីសាំងចំនួន ១៧,៤លីត្រ៕