ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Range Rover Evoque L ស៊េរីថ្មីស្ងាត់ៗ នៅក្នុងប្រទេសចិន។
រថយន្ត Range Rover Evoque L ថ្មីនេះមានតួវែងជាងប្រភេទស្តង់ដារ ៦,៣អ៊ីញ ឬ ១៦០មីល្លីម៉ែត្រ សរុបប្រវែងរបស់វាស្មើនឹង ១៧៨,៤អ៊ីញ ឬ ៤ ៥៣១មីល្លីម៉ែត្រ។
ជាមួយនឹងប្រវែងតួខ្លួនវែងជាងមុន ធ្វើឲ្យកាប៊ីនខាងក្នុងរបស់វាកាន់តែទូលាយ ជាពិសេសកន្លែងអង្គុយជួរទី២ ដោយសល់កន្លែងដាក់ជើងធំជាងមុន ៤,៩អ៊ីញ ឬ ១២៥មីល្លីម៉ែត្រ។ ក្រៅពីនោះ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២អ៊ីញ ដូចគ្នា។
សូមបញ្ជាក់ថា រថយន្ត Evoque L Launch Edition នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៦៦ ៣០០ដុល្លារ ហើយម៉ូដែលតួវែងនេះត្រូវគេរំពឹងថា នឹងជំនួសកន្លែងម៉ូដែលស្តង់ដារតែម្តង នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ម៉ូដែល Evoque L តួវែង នឹងមានលក់នៅលើទីផ្សារដទៃទៀត៕