[ទីផ្សារបរទេស] នៅថ្ងៃទី២៦ ខែកក្កដានេះ រថយន្ត Land Rover Range Rover បានប្រកាសចេញលក់ជាផ្លូវការលើទីផ្សារប្រទេសវៀតណាម ជាមួយតម្លៃលក់ដែលមានចាប់ពីប្រមាណ ៤៧,៩ម៉ឺនដុល្លារ ដល់ ១,០២លានដុល្លារឯណោះ។
រថយន្តដែលដាក់លក់លើទីផ្សារវៀតណាម ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Phu Thai ដែលមានចែកចេញជាបួនប្រភេទ ដោយប្រភេទ Range Rover SWB P360 Autobiography បំពាក់ម៉ាស៊ីន Turbocharged ចំណុះ៣,០លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន 360PS មានតម្លៃប្រមាណ ៤៧,៩ម៉ឺនដុល្លារ។
ទីពីរគឺប្រភេទ Range Rover LWB P360 Autobiography មានម៉ាស៊ីនដូចប្រភេទខាងលើដែរ និងមានតម្លៃចាប់ពីប្រមាណ ៤៨,៧ម៉ឺនដុល្លារ។
បន្ទាប់មកគឺប្រភេទ៧កៅអី Range Rover LWB P360 Autobiography ប្រើម៉ាស៊ីនដូចពីរប្រភេទខាងលើ និងមានតម្លៃប្រមាណ ៤៨,៨ម៉ឺនដុល្លារ ហើយចុងក្រោយគឺប្រភេទ Range Rover LWB P530 SV មានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៣០PS និងមានតម្លៃមហាសាលដល់ ១,០២លានដុល្លារ៕