ក្រុមហ៊ុន Lunaz ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានសម្រេចរួចរាល់លើការកែច្នៃរថយន្ត Range Rover Classic ទៅជារថយន្តដែលដើរដោយថាមពលអគ្គិសនី។
រថយន្ត Range Rover Classic ត្រូវបានផលិតចាប់ពីឆ្នាំ ១៩៦៩ ដល់ទសវត្សឆ្នាំ ១៩៩៦ ដែលជារថយន្ត SUV ជំនាន់ដំបូងគេបំផុតដែលប្រើប្រាស់ត្រកូល Range Rover។ ប្រសិនបើតាមគម្រោងការ នៅពេលដែលចេញលក់លើទីផ្សារ រថយន្ត Range Rover Classic មួយគ្រឿងៗនឹងលក់ក្នុងតម្លៃប្រមាណ ៣២៤ ០០០ដុល្លារ។
គួរដឹងថាក្រុមហ៊ុន Lunaz ធ្លាប់បានកែច្នៃរថយន្តបុរាណជាច្រើនម៉ូដែលមកហើយ មានទាំងម៉ាក Jaguar, ម៉ាក Bentley និងម៉ាក Rolls-Royce ផងដែរ។ ក្រុមហ៊ុននិយាយថាតម្រូវការលើរថយន្តបុរាណដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីគឺមានខ្ពស់ពីសំណាក់អតិថិជន។
រថយន្ត Range Rover Classic ប្រភេទអគ្គិសនីនឹងមានជាពីរប្រភេទឲ្យអតិថិជនជ្រើសរើសគឺមានប្រភេទ Town និងប្រភេទ Country។ ប្រភេទ Town ផលិតឡើងដោយផ្អែកលើផាសុកភាពរបស់អ្នកដំណើរខាងក្រោយ ខណៈប្រភេទ Country នឹងជាប្រភេទសម្រាប់តម្រូវតាមចំណូលចិត្តអ្នកនិយម Off-Road៕