ត្បិតថារថយន្ត Range Rover រៀបនឹងប្រកាសចេញជំនាន់ថ្មីក្នុងពេលឆាប់ៗនេះក្ដី ប៉ុន្តែក្រុមហ៊ុន Land Rover បានប្រកាសចេញ Range Rover ប្រភេទពិសេសមួយដែលមានលក់ផ្ដាច់មុខតែនៅប្រទេសជប៉ុនប៉ុណ្ណោះ។
រថយន្តនេះគឺជាម៉ូដែល Range Rover SV Golden Edition ដែលមានផលិតត្រឹម៥គ្រឿងប៉ុណ្ណោះ ដែលវាត្រូវបានផលិតឡើងជាពិសេសដោយក្រុម SVO និងផលិតដោយផ្អែកលើ Option ឈ្មោះ Autobiography។ តាមរយៈឈ្មោះរថយន្តនេះអាចដឹងថាវាមានបំពាក់នូវប្រណីតភាព គួបផ្សំជាមួយនឹងសមត្ថភាពបើកបរដ៏ខ្លាំងក្លាផងដែរ។
ចាប់ផ្ដើមពីផ្នែកខាងក្រៅ វាមានប្រើប្រាស់ពណ៌លាយគ្នាពីរពណ៌យ៉ាងលេចធ្លោ ដោយមានពណ៌ខៀវ រំលេចដោយពណ៌មាសឆ្នូតៗលើផ្នែកមួយចំនួន។ ចំណុចផ្សេងទៀតដូចជារថយន្ត Range Rover ធម្មតាដែរ ពោលមានយ៉ាន់ធំទំហំ២២អ៉ីញ, អំពូល LED និងដំបូលកញ្ចក់ដ៏វែង។
នៅផ្នែកខាងក្នុងមានវាយផ្ដាច់ដោយពណ៌ខ្មៅសុទ្ធ ដែលមានគួបផ្សំដោយកុងទ័រឌីជីថលទំហំ ១២,៣អ៉ីញ, អេក្រង់កម្សាន្តប្រភេទ Touch ទំហំ១០អ៉ីញ បូករួមនឹងអេក្រង់ Touch មួយផ្សេងទៀតសម្រាប់បញ្ជាលើម៉ាស៊ីនត្រជាក់។
ដោយឡែកផ្នែកម៉ាស៊ីនវិញគឺមានជាប្រភេទ Supercharged ចំណុះ៥,០លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៥៥៧សេះ ខណៈដែលតម្លៃលលក់របស់រថយន្តនេះគឺមានប្រមាណ ២០៣ ១៨២ដុល្លារ៕