ក្រុមហ៊ុនLand Rover បានពង្រីកត្រកូលរថយន្ត Range Rover Evoque ឆ្នាំ២០២១ របស់ខ្លួន ដោយបន្ថែមម៉ូដែលថ្មី ហៅថា P300 HST។
បំផុតគំនិតតាមសិស្សច្បង Range Rover Sport HST រថយន្ត Range Rover Evoque P300 HST នេះ មានជម្រើសដល់ទៅ ១១ពណ៌ ហើយតុបតែងខ្លួនខ្មៅមួយជុំរថយន្ត ព្រមទាំងបំពាក់យ៉ាន់ Alloy ទំហំ ២០អ៊ីញ, ដុំហ្វ្រាំងពណ៌ក្រហម និងកញ្ចក់ក្រោយពណ៌ខ្មៅ ទៀតផង។
ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់ដំបូលកញ្ចក់វែង panoramic sunroof, ដៃចង្កូត Suedecloth steering wheel, កៅអីអង្គុយ និងតាប្លូស្បែក, អេក្រង់កម្សាន្ត Touchscreen ទំហំ ១០អ៊ីញចំនួន ២ និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ព្រមទាំងប្រព័ន្ធសំឡេង Meridian កម្លាំង ៤០០វ៉ាត់ ផងដែរ។
រថយន្ត Evoque P300 HST បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរជាមួយមុខងារ Terrain Response 2 System ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី។
រថយន្ត Range Rover Evoque P300 HST ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៥០ ៤៤០ផោន ឬប្រែល ៧១ ២៩៩ដុល្លារ នៅលើទីផ្សារប្រទេសអង់គ្លេស។ គួរឲ្យដឹងថា រថយន្ត Evoque ម៉ូដែលថោកបំផុតគឺចាប់ពី ៣១ ៧២៥ផោន ឬប្រហែល ៤៤ ៨៤៥ដុល្លារ៕