[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Range Rover Sport SV ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ mild-hybrid ប្រភេទ high-performance SUV ដោយជំនួសរថយន្ត Range Rover Sport SVR ដែលបានបញ្ចប់ការផលិត ។
រថយន្តនេះ បានដកម៉ាស៊ីនចំណុះ ៥,០ លីត្រ Supercharge V8 ដែលផលិតដោយក្រុមហ៊ុន Jaguar Land Rover ចេញ ជំនួសមកវិញនៅម៉ាស៊ីនកូនកាត់ mild-hybrid របស់ BMW ចំណុះ ៤,៤ លីត្រ twin-tubor អាចផលិតកម្លាំងបាន ៦២៦ សេស និងកម្លាំងរមួល ៨០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ជាមួយរបៀបបើកបរ Dynamic Launch Mode អាចផលិតកម្លាំងបានដល់ ៧៥០ សេស អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ប្រើរយះពេល ៣,៦ វិនាទី និងមាន top speed ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
រថយន្តនេះ បានបំពាក់នៅថាសកង់ធ្វើការពី Carbon fiber ទំហំ ២៣ អ៉ីញ អាចកាត់បន្ថាយទម្ងន់បាន ៣៦ គីឡូក្រាម និងមានជម្រើសបំពាក់ដុំហ្វ្រាំងធ្វើពី carbon ceramic អាចកាត់បន្ថយទម្ងន់ ៣៤ គីឡូក្រាម និងកម្របម៉ាស៊ីនធ្វើពីកាបូន អាចកាត់បន្ថយទម្ងន់បានដល់ ៧៦ គីឡូក្រាមផងដែរ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើឡើងនៅប្រព័ន្ធជើងក្រោមជាមួយប្រព័ន្ធ new 6D Dynamics suspension system ថ្មីរបស់ Land Rover ដែលមានបំពាក់នៅប៉ូម air-spring និងប៉ូម hydraulically cross-linked damper ដែលអាចទម្លាក់-ទម្លាក់ឲ្យសមស្របតាមស្ថានភាពផ្លូវបានយ៉ាងល្អ ។
ចំពោះ នៅផ្នែកខាងក្នុង មានភាពស្រដៀងគ្នាទៅនឹងម៉ូដែល Sport ធម្មតាដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន មានបំពាក់កៅអីបែបស្ពរប្រភេទ BASS ដែលមានកម្មវិធីតាមដានសុខភាពដូចជាចង្វាក់បេះដូងជាដើមសម្រាប់នៅផ្នែកខាងមុខ ។ លើសពីនេះ កៅអីផ្នែកខាងមុខក៏បានបំពាក់ជាមួយប្រព័ន្ធបំពងសំឡេងពី SUBPAC ដែលធ្វើការរួមគ្នាជាមួយឧបករណ៍បំពងសំលេងម៉ាក Meridian Signature sound system ២៩ ចំនុច ដែលអាចឲ្យកៅអីមានចរនាតាមភ្លេងផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Range Rover Sport SV ស៊េរីឆ្នាំ ២០២៤ ក្រុមហ៊ុនមិនទាន់បញ្ចេញតម្លៃលក់នៅឡើយទេ ប៉ុន្តែរំពឺងថាមានតម្លៃ ១៤០ ០០០ ដុល្លារ ។ ចំពោះ អ្នកចង់បានរថយន្តនេះ ទាល់តែជាអតិថិជន VIP របស់ក្រុមហ៊ុន Land Rover ៕