
ក្រុមហ៊ុន Jaguar Land Rover ដាក់បង្ហាញនូវរថយន្ត Range Rover SV Ultra ស៊េរីឆ្នាំ ២០២៧ បំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត និងការរចនាយ៉ាងផ្ចិតផ្ចង់បំផុតមិនធ្លាប់មាន ដោយបាននាំយកនូវវិស្វកម្មប្រព័ន្ធសំឡេងដំបូងគេបង្អស់ក្នុងពិភពលោកមកដាក់នៅក្នុងរថយន្ដ។ ចំណុចលេចធ្លោបំផុតនោះគឺប្រព័ន្ធសំឡេង SV Electrostatic Sound ដែលមានគោលបំណងប្រែក្លាយផ្នែកខាងក្នុងនៃរថយន្ដឲ្យក្លាយទៅជាសាលប្រគំតន្ត្រី។

ប្រព័ន្ធសំឡេង SV Electrostatic Sound គាំទ្រដោយឧបករណ៍បំពងសម្លេង (thin-film transducers) ដែលមានទម្ងន់ស្រាលបំផុតសរុបចំនួន ២១ គ្រាប់ ដោយត្រូវបានដាក់បញ្ចូលទៅក្នុងបង្អែកក្បាលកៅអី, ខ្នងកៅអី និងដំបូលរថយន្តផ្នែកខាងក្នុង។ ស្រទាប់នីមួយៗរបស់វាមានកម្រាស់ត្រឹមតែ ១ មីលីម៉ែត្រប៉ុណ្ណោះ ហើយមានសមត្ថភាពឆ្លើយតបបានលឿនជាងឧបករណ៍បំពងសម្លេងធម្មតារហូតដល់ ១ ០០០ ដង និងប្រើប្រាស់ថាមពលតិចជាងប្រព័ន្ធឧបករណ៍សម្លេងទូទៅដល់ទៅ ៩០ ភាគរយ។
ដើម្បីឲ្យប្រាកដថាអ្នកដំណើរអាចមានអារម្មណ៍ដឹងពីតន្ត្រី ក្រៅពីការគ្រាន់តែបានស្ដាប់ឮ ប្រព័ន្ធនេះត្រូវដំណើរជាមួយកៅអីប្រភេទ Body and Soul Seats (BASS) និងកម្រាលផ្នែកខាងក្រោមមានប្រព័ន្ធរំញ័រឆ្លើយតបការរំញោចដើម្បីបង្កើនភាពរស់រវើកបន្ថែម។ សម្រាប់ឧបករណ៍បំពងសម្លេង (Transducers) ត្រូវបានបង្កប់នៅខាងក្នុងកៅអី និងនៅក្រោមកម្រាលជើង ដោយបង្កើតនូវការរំញោចត្រូវបានបញ្ជាដោយបច្ចេកវិទ្យា AI។

តាមការរំពឹងទុករថយន្ដ SV Ultra ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹងរថយន្ត Range Rover ប្រភេទតួវែង ដែលមានកៅអីចំនួន ៤។ តួខ្លួនរបស់វាត្រូវបានស្រោបដោយពណ៌ប្រាក់ Titan Silver ដ៏វិសេសវិសាល មានល្បាយនៃកម្ទេចអាលុយមីញ៉ូម រួមជាមួយដំណើរការផលិតដែលធ្វើឡើងក្នុងគោលបំណងបង្កើតឲ្យមានរូបរាងដូចជាលោហៈរាវ។ ពណ៌ថ្មីនេះត្រូវបានរួមបញ្ចូលជាមួយការតុបតែងជាមួយក្រូមពណ៌ទឹកប្រាក់នៅផ្នែកខាងមុខ និងមានការបន្ថែមនូវចំណុចលេចធ្លោពណ៌ផ្លាទីននៅលើប៉ាណាមុខ រន្ធខ្យល់ចំហៀង និងរបារតុបតែងទ្វារក្រោយ។ នៅផ្នែកជំហៀងរថយន្ត SUV បាននបំពាក់ដោយកង់យ៉ាន់ស្ព័រទំហំ ២៣ អុីញ ជាមួយការរចនាពណ៌ពីរឆ្នូត (bi-tone) ដែលស៊ីគ្នាជាមួយនឹងពណ៌តួខ្លួនខាងក្រៅ។

ចំពោះផ្នែកខាងក្នុងរថយន្ត Range Rover SV Ultra មិនមានប្រើប្រាស់ជាតិស្បែកនោះទេ ដោយជំនួសមកវិញនូវការតុបតែងដោយប្រភេទក្រណាត់ Ultrafabrics ពណ៌ស និងពណ៌ប្រផេះ។ កៅអីនីមួយៗមានលំនាំរូបរាងបែបម៉ូសេអ៊ិក (mosaic) ដែលត្រូវបានច្នៃដោយឡាស៊ែរ ព្រមជាមួយរន្ធតូចៗយ៉ាងល្អិតល្អន់សម្រាប់លាក់ទុកនូវឧបករណ៍បំពងសម្លេងដែលបង្កប់នៅខាងក្នុង។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺការប្រើប្រាស់បន្ទះឈើដែលធ្វើពីផ្ដៅថ្មី។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានេះ អាចរក្សានូវរូបរាងរន្ធតូចៗតាមធម្មជាតិរបស់វា បន្ទះឈើនេះត្រូវបានលាបពណ៌សហើយវាលាតសន្ធឹងចាប់ពីតាប្លូខាងមុខ រហូតដល់តុបត់បែបដែលបញ្ជាដោយអគ្គិសនីនៅផ្នែកខាងក្រោយ។

រថយន្ត SV Ultra ផ្តល់នូវជម្រើសកម្លាំងម៉ាស៊ីន V8 បែបប្រពៃណីចំណុះ ៤.៤ លីត្រ (twin-turbo) អាចផលិតកម្លាំងបាន ៥៣៣ សេះ។ សម្រាប់ម៉ាស៊ីនប្រភេទ P550e plug-in hybrid ពេលដំណើររួមបញ្ចូលគ្នាជាមួយម៉ាសុីនសាំងអាចផលិតកម្លាំងបាន ៥៤២ សេះ និងមានសមត្ថភាពបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១១៩ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP។ បន្ថែមពីនេះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា រថយន្ត Range Rover SV Ultra ប្រភេទអគ្គិសនីសុទ្ធ នឹងត្រូវដាក់បង្ហាញនៅចុងឆ្នាំនេះ។
សម្រាប់រថយន្ត Range Rover SV Ultra ស៊េរីឆ្នាំ ២០២៧ កំពុងមានដាក់លក់នៅក្នុងទីផ្សារដែលបានជ្រើសរើសមួយចំនួន ប៉ុន្តែការទទួលបានសិទ្ធិទិញគឺមានភាពខុសប្លែកគ្នា។ នៅចក្រភពអង់គ្លេស ការទិញរថយន្តនេះគឺអាចធ្វើទៅបានតាមរយៈការអញ្ជើញតែប៉ុណ្ណោះ។ ចំណែកនៅក្នុងប្រទេសអូស្ត្រាលី រថយន្ត SUV នេះមានតម្លៃចាប់ផ្តើមពី ៣៣៧ ០០០ ដុល្លារអាមេរិក បូករួមទាំងថ្លៃសេវាផ្សេងៗ ដែលធ្វើឲ្យវាក្លាយជារថយន្ត Range Rover មួយក្នុងចំណោមម៉ូដែលដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មាន៕























