ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Range Rover Velar ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះបានអាប់ដេតទៅលើបច្ចេកវិទ្យា ក៏ដូចជាបន្ថែមជម្រើសម៉ាស៊ីនថ្មីផងដែរ។
យើងចាប់ផ្តើមពីចំណុចតូចមួយសិនដោយ ម៉ូឌែលឆ្នាំ ២០២១នេះ បានទទួលការបំពាក់ថ្មីជាមួយអេក្រង់កម្សាន្ត ប្រភេទ Pivi Pro ទំហំ ១០អ៊ីញ ដែលមានមុខងារ Bluetooth, ផែនទី, ប្រព័ន្ធដំណើរការរបស់រថយន្ត និងអាចភ្ជាប់ជាមួយកម្មវិធី Spotify ។
អ្វីដែលសំខាន់នោះគឺម៉ាស៊ីនថ្មី ដែលបានបំពាក់លើរថយន្ត Range Rover Velar ស៊េរីឆ្នាំ២០២១នេះ គឺម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានជម្រើស២ប្រភេទ (P340 និង P400) ជាមួយបច្ចេកវិទ្យា mild-hybrid ដែលប្រើ integrated starter-generator និងកញ្ចប់អាគុយអគ្គិសនី ទំហំ ៤៨ វ៉ុល។
សម្រាប់ Range Rover Velar ស៊េរីឆ្នាំ២០២១ ប្រភេទ P340 បង្កើតកម្លាំងបាន ៣៣៥សេះ។ ចំណែកប្រភេទ P400 បង្កើតកម្លាំងបាន ៣៩៥សេះ អាចរត់ស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៥,២វិនាទី។ ហើយរថយន្តទាំងពីរប្រភេទ គឺប្រើប្រាស់ប៉ុងពីរ(AWD) នឹងបំពាក់ស្តង់ដារ ជាមួយបូមខ្យល់។
បន្ថែមពីនេះ ម៉ូឌែលឆ្នាំ ២០២១នេះ ក៏មានជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ Turbo កម្លាំង ២៤៧សេះ សម្រាប់ប្រភេទ S និង R-Dynamic S។ សម្រាប់ Range Rover Velar ស៊េរីឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៥៦ ៩០០ដុល្លារ៕