ក្រោយពីបានបង្ហាញចេញស៊េរីឆ្នាំ ២០២១ នៃរថយន្តម៉ូដែល Range Rover, Range Rover Sport និង Range Rover Evoque រួចមក នាពេលនេះដល់វេន Range Rover Velar វិញម្ដង ដោយជាមួយស៊េរីឆ្នាំ ២០២១ ក្រុមហ៊ុន Land Rover បានបន្ថែមប្រភេទ Plug-in Hybrid មកជាលើកដំបូង។
Range Rover Velar ប្រភេទ Plug-in Hybrid មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែលគួបផ្សំជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងសរុបបាន ៣៩៨សេះ ដែលអាចឲ្យរថយន្ត SUV ប្រណីតនេះស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេល ៥,១វិនាទី។ អាគុយដែលផ្ដល់ថាមពលដល់ម៉ូទ័រគឺមានទំហំ ១៧,១kWh ដែលអាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ ៥៣,១គីឡូម៉ែត្រ និងអាចសាកដល់ ៨០% ក្នុងពេល ៣០នាទី។
គួរដឹងថាសម្រាប់ស៊េរីឆ្នាំ ២០២១ នេះ ផ្នែកខាងក្នុងរបស់រថយន្តបានដំឡើងប្រើប្រាស់ប្រព័ន្ធកម្សាន្តថ្មីរបស់ Land Rover ឈ្មោះថា Pivi និង Pivi Pro ដែលងាយស្រួលប្រើជាងមុន, អាចអាប់ដេតតាមអ៊ីនធឺណិត និងភ្ជាប់មកនូវសេវាកម្ម Spotify ជាលើកដំបូងផងដែរ៕