[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានធ្វើការប្រកាសចេញនៅរថយន្ត Captur “Rive Gauche” Special Edition មានត្រឹមតែចំនួន ៨០០ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារចក្រភពអង់គ្លេស។ ម៉ូដែលនេះអាចប្រើបានជាមួយម៉ាស៊ីន ICE-only និង E-Tech hybrid ជាម៉ូដែលខ្ពស់បំផុតស៊េរីថ្មីដូចនឹង RS Line ជាមួយការកែប្រែមុខមាត់តិចតួច។
សម្រាប់ផ្នែកខាងក្រៅ រថយន្ត Captur Rive Gauche Special Edition ប្រភេទ SUV នេះ មានការរចនាជាមួយពណ៌ខ្មៅរលោងទៅលើប៉ាណាមុខ, ឡូហ្គោ, អង់តែនព្រុយត្រីឆ្លាម បន្ទះដែកការពារប្រព័ន្ធបាតក្រោម, ថាសកង់ diamond-cut ទំហំ ១៨ អ៊ីញជាដើម និងថ្នាំលាបស្តង់ដាររួមមាន Oyster Grey, Arctic White, Diamond black ឬ Flame Red។
ចំពោះផ្នែកខាងក្នុង បានប្រើប្រាស់នូវពណ៌ក្រម៉ៅជាមួយនិងគ្រឿងតុបតែងពណ៌ខ្មៅពីស្បែក។ បន្ថែមជាមួយគ្រឿងបរិក្ខាស្តង់ដាររួមមានអេក្រង់កំសាន្ត Easy Link touchscreen ទំហំ ៩,៣ អ៊ីញ ភ្ជាប់ដោយមុខងារ Android Auto/Apple CarPlay, កន្លែងសាកថ្មឥតខ្សែ ម៉ាស៊ីនត្រជាក់អូតូ និងប្រព័ន្ធជំនួយការបើកបរ ADAS ផ្សេងៗផងដែរ។
បើនិយាយពីកម្លាំងម៉ាស៊ីនវិញ រថយន្ត Captur Rive Gauche Edition ដំណើរការជាមួយនឹងម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ TCe 90 turbocharged ទំហំ ៣ស៊ីឡាំង ផលិតកម្លាំងបាន ៨៩ សេះ ឬម៉ាស៊ីន E-Tech Hybrid version 145 ។ ក្នងនោះក៏មានជម្រើសម៉ាស៊ីនចំណុះ ១,៦ លីត្រ ម៉ូទ័រអេឡិចត្រិច HSG (High-Voltage Starter Generator) អាគុយ water-cooled ទំហំ ១,២ គីឡូវ៉ាត់ម៉ោង និងប្រអប់លេខដៃ multi-mod បញ្ជូនថាមពលទៅប៉ុងខាងមុខ ដោយថាមពលរួមបញ្ចូលគ្នាផលិតកម្លាំងបាន ១៤៥ សេះ។
រថយន្ត Renault Captur “Rive Gauche” អាចបញ្ជាទិញបានហើយនៅចក្រភពអង់គ្លេសដោយតម្លៃចាប់ពី ៣២ ៦៤៣ ដុល្លារ សម្រាប់ម៉ាស៊ីន 1.0 TCE 90។ បើប្រៀបធៀបតម្លៃដើមសម្រាប់ត្រកូល Captur គឺ ២៨ ២៥២ ដុល្លារ ជាមួយនឹងម៉ាស៊ីនដូចគ្នា៕