[ទីផ្សារបរទេស] រថយន្តអគ្គិសនីមិនមែនតែជានិន្នាការថ្មីខាងផ្នែករថយន្តអ្នកដំណើរទូទៅនោះទេ ប៉ុន្តែវាក៏ជានិន្នការថ្មីមួយសម្រាប់ផ្នែករថយន្តពាណិជ្ជកម្មធុនស្រាល ដោយមួយរយៈចុងក្រោយនេះក្រុមហ៊ុនរថយន្តកាន់តែច្រើននាំគ្នាប្រកាសចេញរថយន្តវ៉ែនប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។
រថយន្តវ៉ែនថ្មីចុងក្រោយគេនេះគឺជាផលិតផលរបស់ក្រុមហ៊ុន Renault មានឈ្មោះថា Trafic Van E-Tech Electric ដែលជាសមាជិកថ្មីនៃរថយន្ត E-Tech។ រថយន្តនេះត្រូវបានផលិតផ្អែកតាមរថយន្ត Trafic ជំនាន់ទីបួន ដោយវាមានរូបរាងក្រៅស្រដៀងគ្នា។
ចំពោះផ្នែកថាមពលវិញ វាមានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ១២១សេះ ដែលកម្លាំងនេះហាក់ខ្សោយជាងរថយន្ត Trafic ដែលប្រើម៉ាស៊ីនម៉ាស៊ូតបន្តិច។ ចំពោះការសណ្ដោងវិញវាអាចទ្រាំទ្រនឹងទម្ងន់ ៧៥០គីឡូក្រាម និងផ្ទុកបានទម្ងន់ ១១០០គីឡូក្រាម។
រថយន្ត Trafic Van E-Tech Electric នេះប្រើប្រាស់អាគុយចំណុះ ៥២kWh ដូចនឹងរថយន្ត Master E-Tech ដែរ ដែលអាចឲ្យវាបើកបរបានចម្ងាយ ២៤០គីឡូម៉ែត្រ ហើយអាគុយរបស់វាគាំទ្រការសាកកម្លាំង ៧kW, ២២kW និង ៥០kW ផងដែរ។
ដោយឡែក ទាក់ទងនឹងតម្លៃ និងកាលបរិច្ឆេទចេញលក់ មិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Renault នៅឡើយទេ។ យ៉ាងណារថយន្ត Trafic Van ប្រភេទអគ្គិសនី រំពឹងថានឹងមានចេញតាមពីក្រោយដោយរថយន្ត Trafic សម្រាប់អ្នកដំណើរធម្មតា ដែលធ្លាប់បានបង្ហាញវត្តមានជារថយន្ត Concept ឈ្មោះ Hippie Caviar Hotel កាលពីឆ្នាំ២០២១៕