ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Rivian កំពុងចាប់ផ្តើមបង្កើនការផលិតរថយន្តភីកអាប់អគ្គិសនី R1T របស់ខ្លួន បន្តិចម្តងៗ ហើយបានបញ្ជាក់ថា ខ្លួននឹងចែកចាយរថយន្តនេះឲ្យបានប្រហែល ១ ០០០គ្រឿង មុនដំណាច់ឆ្នាំ ២០២១ នេះ។
គិតត្រឹមចុងខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Rivian បានផលិតរថយន្ត R1T សរុបចំនួន ១៨០គ្រឿង និងបានចែកចាយ ១៥៦គ្រឿង រួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនស្ទើរតែទាំងអស់នៃរថយន្តនោះ ត្រូវបានប្រគល់ឱ្យទៅបុគ្គលិក Rivian។
ការផលិត រថយន្ត R1T បន្តកើនឡើង ហើយមុនដំណាច់ឆ្នាំ Rivian រំពឹងថា នឹងអាចផលិតបានប្រហែល ១ ២០០គ្រឿង ហើយចែកចាយចំនួន ១ ០០០ គ្រឿង។
លើសពីនេះ ការផលិត R1S SUV នឹងចាប់ផ្តើមនៅខែធ្នូ ដោយក្នុងនោះនឹងផលិតបានចំនួន ២៥គ្រឿង ហើយចំនួន ១៥គ្រឿង ត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនដល់អតិថិជននៅឆ្នាំ ២០២១ នេះតែម្តង។
មិនតែប៉ុណ្ណោះ Rivian ក៏នឹងចាប់ផ្តើមការផលិតរថយន្ត Van អគ្គិសនីរបស់ខ្លួននៅឆ្នាំនេះ សម្រាប់ Amazon Delivery ដោយផលិត និងចែកចាយចំនួន ១០ គ្រឿង៕