Rivian នឹងសាងសង់រោងចក្ររថយន្តទី២ របស់ខ្លួន តម្លៃ ៥ពាន់លានដុល្លារ

ក្រុមហ៊ុន Rivian Automotive Inc ដែលជាក្រុមហ៊ុន Startup ផលិតរថយន្តអគ្គិសនី និងមានការគាំទ្រដោយក្រុមហ៊ុន Amazon កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួននឹងសាងសង់រោងចក្រតម្លៃ ៥ ពាន់លានដុល្លារនៅរដ្ឋ Georgia ដែលជារោងចក្រដំឡើងរថយន្តទី២ នៅសហរដ្ឋអាមេរិក ខណៈដែលវាកំពុងសម្លឹងមើលការពង្រីកផលិតកម្ម។

នៅក្នុងលទ្ធផលប្រចាំត្រីមាស ដែលបានរាយការណ៍ជាសាធារណៈលើកដំបូងរបស់ខ្លួន ចាប់តាំងពី Rivian បានចេញជាសាធារណៈកាលពីខែមុន ក្រុមហ៊ុនបានបង្ហោះការខាតបង់សុទ្ធនៅត្រីមាសទី៣ ចំនួន ១,២ ពាន់លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Rivian បានធ្លាក់ចុះ ៩,៨ ភាគរយ នៅក្នុងការជួញដូរ after-hours trading បន្ទាប់ពីក្រុមហ៊ុនបាននិយាយថា ខ្លួនរំពឹងថាការផលិតរថយន្តនឹងធ្លាក់ចុះពីរបីរយគ្រឿងនៃគោលដៅ ឆ្នាំ ២០២១ របស់ខ្លួន ចំនួន ១ ២០០គ្រឿង។

អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Rivian លោក R.J. Scaringe បាន​និយាយ​ថា “ការបញ្ចេញ និងផលិតរថយន្ត ៣ ប្រភេទខុសគ្នា ក្នុងរយៈពេលតែប៉ុន្មានខែ គឺជារឿងដ៏លំបាកមួយ”។

បញ្ហាដែលលោក Scaringe បានលើកឡើង រួមមានឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល, ការរាតត្បាតនៃជំងឺកូវីដ-១៩, ទីផ្សារការងារតឹងតែង និងបញ្ហារយៈពេលខ្លី ជុំវិញការផលិតអាគុយរថយន្តអគ្គិសនី ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម