ឆ្នាំ ២០១៩ ជាឆ្នាំល្អបំផុតសម្រាប់ Rolls-Royce ដែលអាចលក់រថយន្តរហូតបានដល់ ៥ ១៥២ គ្រឿង ដោយសារការពេញនិយមខ្លាំងទៅលើម៉ូដែល Cullinan ដែលជារថយន្ត SUV ដំបូងបំផុតរបស់ក្រុមហ៊ុន។
ឆ្នាំ ២០២០ ក្រុមហ៊ុនចង់បន្តភាពជោគជ័យនេះ ជាមួយគម្រោងការបង្ហាញចេញរថយន្ត Rolls-Royce Ghost ជំនាន់ថ្មីដែលមានរូបរាងកាន់តែទាក់ទាញ។ ប៉ុន្តែប្រហែលជាត្រូវបង្អាក់ដំណើរដោយសារកូវីដ១៩។
នាថ្ងៃនេះ Rolls-Royce Motor Cars បានប្រកាសថានឹងបិទរោងចក្រផលិតរថយន្តដែលមានមូលដ្ឋាននៅតំបន់ Goodwood ក្នុងចក្រភពអង់គ្លេស ក្រោយពីក្រុមហ៊ុនផលិតរថយន្តជាច្រើនបានបិទរោងចក្រផលិតរបស់ខ្លួនព្រោះតែភ័យខ្លាចនឹងការផ្ទុះកូវីដ១៩។
Rolls-Royce ថារោងចក្ររបស់ខ្លួននឹងត្រូវបិទរយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃចន្ទទី ២៣ ខែមីនា ហើយវានឹងត្រូវបន្តបិទថែមពីរសប្ដាហ៍ទៀតសម្រាប់ការជួសជុលរោងចក្រ ដែលក្រុមហ៊ុនបានកំណត់តាំងពីយូរមកហើយ។ នេះមានន័យថា Rolls-Royce អាចនឹងចាប់ផ្ដើមផលិតរថយន្តជាថ្មី លឿនបំផុតគឺនៅខែឧសភា៕