SAIC បើកទទួលការបញ្ជាទិញទុកមុនលើរថយន្ដ PHEV ជិះបាន ២ពាន់គ.ម ជាមួយតម្លៃតែជាង១មុឺនដុល្លារ

រថយន្តប្រភេទ Sedan ផ្ដល់ជូននូវរយៈចម្ងាយបើកបរឆ្ងាយម៉ូឌែល Roewe M7 DMH របស់ក្រុមហ៊ុន SAIC បានបើកទទួលការបញ្ជាទិញទុកមុន ជាមួយជម្រើស ៣ម៉ូឌែលក្នុងតម្លៃចន្លោះ ៩៧ ៨០០ ដល់ ១១៤ ៨០០យន់ ឬស្មើនិងប្រមាណពី ១៣ ៧០០ ដល់ ១៦ ០០០ ដុល្លារ។ រថយន្តថ្មីនេះគឺជាម៉ូឌែលដំបូងរបស់ក្រុមហ៊ុន SAIC ត្រូវបានបង្កើតឡើងដោយលោក Josef Kabaň អតីតប្រធានផ្នែករចនានៅក្រុមហ៊ុន Rolls-Royce ផ្ដល់ជូនរយៈចម្ងាយដល់ ២ ០៥០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ។

រថយន្ត Roewe M7 DMH មានប្រវែងតួខ្លួនសរុប ៤ ៩៤០មម ទទឹង ១ ៨៩០មម កម្ពស់ ១ ៥១០មម  ប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០មម និងមានទម្ងន់ ១ ៦៧០គីឡូក្រាម។ រថយន្តនេះផលិតឡើងផ្អែកលើរថយន្តគំរូ “Pearl” ផ្ដល់ជូនរំលេចដោយការតុបតែងប៉ាណាខងមុខប្រភេទក្រូមរចនាបថទឹកធ្លាក់ (waterfall-style) និងភ្ជាប់ជាមួយភ្លើង LED នៅសងខាង។ សម្រាប់ឡូហ្គោ “ROEWE” បង្កប់នៅប៉ាណាខាងមុខជាប្រភេទ LED អាចបញ្ចេញពន្លឺបានយ៉ាងស្រស់ស្អាតនៅពេលយប់។ ចំណុចពិសេសមួយទៀតរថយន្ដនេះបានបំពាក់មកជាមួយថាសកង់ប្រភេទ multi-spoke ជួយលើកសម្រស់រថយន្ដមើលទៅកាន់តែស្អាតនិងប្រណីត។ ចំពោះកម្រិតសមត្ថភាពវិញ Roewe M7 DMH បំពាក់មកជាមួយបច្ចេកវិទ្យា hybrid DMH ជំនាន់ទី៥ របស់ក្រុមហ៊ុន SAIC ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥លីត្រ និងម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខ។ សម្រាប់អាគុយវិញរថយន្ដនេះបានបំពាក់មកជាមួយអាគុយ lithium iron phosphate ទំហំ ១៩.៧ kWh ផ្តល់ជូនរយៈចម្ងាយបើកបរប្រើអគ្គិសនីសុទ្ធបាន ១៦០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC ខណៈប្រើអគ្គិសនីលាយសាំងអាចបើកបាន ២ ០៥០គីឡូម៉ែត្រ។ ចំណែកធុងសាំងមានចំណុះស្តង់ដារ ៥៥លីត្រ។

សម្រាប់ម៉ាស៊ីនចំណុះ ១.៥ លីត្រ របស់ Roewe M7 DMH អាចផលិតកម្លាំងអតិបរមាបាន ៨២ គីឡូវ៉ាត់ (១១០ សេះ), កម្លាំងរមួល ១៣៥ញ៉ូតុនម៉ែត្រ ចំណែកឯម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខអាចផលិតកម្លាំងអតិបរមា ១៣៧ គីឡូវ៉ាត់ (១៨៤ សេះ) និងកម្លាំងរមួល ៣៣០ញ៉ូតុនម៉ែត្រ។ រថយន្តនេះអាចបើកបរ​ Top-Speed បាន ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង មានអត្រាស៊ីប្រេងត្រឹមតែ ២.៩១លីត្រ/១០០គីឡូម៉ែត្រ និងអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងម៉ោងប្រើពេលតែ ៧.៩វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងបាមរចនា មកជាមួយនឹងចង្កូតរាងអក្សរ D, កុងទ័រឌីជីថលទំហំ ១០.២៥អុីញ និងអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155។ បន្ថែមពីនេះរថយន្ដនេះក៏បំពាក់មកជាមួយប្រព័ន្ធជំនួយការសំឡេង AI គាំទ្រដោយមុខងារ AI Doubao របស់ក្រុមហ៊ុន ByteDance។ នៅផ្នែកខាងក្រោយវាបានផ្ដល់ជូននៅកន្លែងដាក់ឥវ៉ានចំណុះ ៥២៧លីត្រ ហើយមានកន្លែងផ្ទុករបស់របរផ្សេងទៀតចំនួន ២៨កន្លែងនៅផ្នែកខាងក្នុងនៃរថយន្តទាំងមូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម