SAIC Motor វិនិយោគ ១៣៥ លានដុល្លារ សាងសង់រោងចក្រផលិតរថយន្ត MG5 ជំនាន់ថ្មី នៅក្នុងប្រទេសអេហ្ស៊ីប

ក្រុមហ៊ុន SAIC Motor បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Mansour Group ដែលជាក្រុមហ៊ុនរបស់ប្រទេសអេហ្ស៊ីប ដើម្បីវិនិយោគថវិកាចំនួន ១៣៥ លានដុល្លារ សម្រាប់ការសាងសង់រោងចក្រផលិតរថយន្ត MG5 ជំនាន់ថ្មី នៅក្នុងប្រទេសអេហ្ស៊ីប។

សម្រាប់រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្ម ៦ តុលា ក្នុងប្រទេសអេហ្ស៊ីប មានសមត្ថភាពផលិតរថយន្តក្នុងដំណាក់កាលទី១ បានចំនួន ៥០ ០០០ គ្រឿង ក្នុងមួយឆ្នាំ និងដំណាក់កាលទី២ កើនឡើងដល់ ១០០ ០០០ គ្រឿង ក្នុងមួយឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
គួរឲដឹងថា រថយន្ត MG5 ជំនាន់ថ្មី ដំណើរការដោយ៖
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២៧ សេះ និងកម្លាំងរមួល ១៥៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ CVT មានកម្រិតសុីប្រេង ៦,៣៨លីត្រ/១០០គ.ម។
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ DCT មានកម្រិតសុីប្រេង ៦,៤៥លីត្រ/១០០គ.ម។

រថយន្តនេះមានប្រវែងខ្លួនសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៤២ ម.ម កម្ពស់ ១ ៤៧៣ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ទទួលបានប៉ាណាមុខថ្មីស្រដៀងគ្នាទៅម៉ូដែល MG3 Hybrid ចង្កៀងមុខ LED ក៏ឌីស្សាញថ្មី ដែលធ្វើឲ្យរថយន្តកាន់តែមានលក្ខណៈបែបស្ព័របន្ថែមទៀត។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកៅអីពូកស្បែកថ្មី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៊ីញ ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ។

គួរបញ្ជាក់ថា MG5 ជំនាន់ថ្មី បានចេញលក់នៅក្នុងប្រទេសចិនក្នុងខែកញ្ញា ឆ្នាំ២០២៤ ជាមួយតម្លៃលក់ចន្លោះពី ១១ ២០០ ដុល្លារ ទៅ ១៣ ១០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម