[បរទេស] ក្រុមហ៊ុន Škoda Auto ដែលជាម៉ាករថយន្តក្រោមក្រុមហ៊ុន Volkswagen AG បានធ្វើការដាក់បង្ហញចេញនៅគំរូរថយន្តថ្មី Skoda Vision 7S Concept មុនពេលដាក់បញ្ចេញជាផ្លូវការនៅឆ្នាំ ២០២៦។
គំរូរថយន្ត Skoda Vision 7S Concept ដែលជារថយន្តអគ្គិសនីកៅអី ៣ជួរ គឺជារថយន្ត SUV មួយក្នុងចំណោមរថយន្ត SUV កំពូលទាំងបីដែលនឹងត្រូវដាក់បង្ហាញ ហើយនឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MEB (Modularer E-Antriebs Baukasten) ដូចទៅនឹងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន VW ដូចជា ID .4 និង Audi Q4 e.-tron ផងដែរ។
គំរូរថយន្ត Skoda Vision 7S Concept ទទួលបានគំនិតរចនាថ្មីឲ្យឈ្មោះថា “modern solid” ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត អបដោយចង្កៀងមុខរាងអក្សរ T ជាមួយអំពូលបំភ្លឺពេលថ្ងៃ modular LED DRLs , កាងខាងមុខធំដែលរចនាជាឆ្នូត និងថាសកង់ស្ព័រទំហំ ២២ អ៊ីញ។ ខណៈ នៅផ្នែកខាងក្រោយ មានភាពស្រដៀងនឹងរថយន្ត Range Rover ដោយស្តុបខាងក្រោយប្រភេទ LED មានរាងអក្សរ T, កាងខាងក្រោយទំហំធំរចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ និងកាង spoiler ខាងក្រោយត្រូវបានរចនាយ៉ាងពិសេសផងដែរ។
ចំពោះនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត ដោយមានបំពាក់ជាមួយកុងទ័រ LCD ទំហំ ៨,៨ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១៤,៦ អ៊ីញ កន្លែងអង្គុយដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ផ្នែកខាងមុខ និងខាងក្រោយ និងបំពាក់ជាមួយចង្កូតដៃរាងជាជ្រុងកាន់តែទាក់ទាញ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ គំរូរថយន្តនឹងភ្ជាប់មកជាមួយថាមពលអាគុយទំហំ ៨៩ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយជាង ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕