Smart ចេញគំរូ SUV ថ្មី ប្រើថាមពលអគ្គិសនីសុទ្ធ មានការឌីហ្សាញទាក់ទាញខ្លាំង

ក្រុមហ៊ុន Smart បានប្រកាសចេញគំរូ SUV ថ្មី ហៅថា Concept #1 ដែលជារថយន្តប្រភេទ city-car ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។

គំរូរថយន្ត Smart Concept #1 ថ្មីនេះ គឺជាការសហការណ៍ផលិតរវាងក្រុមហ៊ុនអាល្លឺម៉ង់ Daimler និង ក្រុមហ៊ុនចិន Geely។ ក្នុងនោះ Geely នឹងកាន់កាប់ផ្នែកវិស្វកម្ម (engineer) នៅក្នុងប្រទេសចិន ប៉ុន្តែ Daimler ជាអ្នកឌីហ្សាញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Concept #1 មានប្រវែងតួខ្លួន ៤២៩០មីល្លីម៉ែត្រ ទទឹង ១៩១០មីល្លីម៉ែត្រ កម្ពស់ ១៦៩៨មីល្លីម៉ែត្រ ហើយប្រើគ្រោងឆ្អឹងរបស់ក្រុមហ៊ុន Geely ដែលមានប្រើលើរថយន្ត Volvo។

ក្រុមហ៊ុន Smart អះអាង ថ្វីបើវាមានរូបរាងតូចមែន ប៉ុន្តែទំហំកាប៊ីនខាងក្នុងនៃ SUV នេះ គឺជាចំណុចខ្លាំងរបស់វា ខណៈយ៉ាន់ទំហំ ២១អ៊ីញដ៏ធំទាំង ៤គ្រាប់ ត្រូវបានរុញឲ្យជិតដល់ចុងក្រោយនៃរថយន្ត។ ថ្វីបើដាក់បង្ហាញជាគំរូរថយន្តដែលមានកៅអី ៤ ក៏ពិតមែន ប៉ុន្តែនៅពេលចូលរោងចក្រផលិត វានឹងមានកៅអីអង្គុយចំនួន ៥។

ក្រៅពីនោះ Concept #1 ក៏មានបំពាក់ដំបូលកញ្ចក់ Panoramic Sunroof, តាប្លូអណ្តែត និង អេក្រង់កម្សាន្តទំហំដល់ ១២,៨អ៊ីញ ថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ Smart មិនទាន់បានបង្ហាញលម្អិតអំពីសមត្ថភាពរបស់វាឡើយ ប៉ុន្តែរថយន្ត SUV នេះនឹងចូលរោងចក្រផលិតនៅអឺរ៉ុប និងចិន នៅឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម