SsangYong ប្រកាសចេញឡាន Torres រូបរាងថ្មី តម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] Ssangyong បានប្រកាសចេញជាផ្លូវការនូវរថយន្ត Torres ជំនាន់ថ្មីសម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ដែល​វា​ជាសមាជិកថ្មីចុងក្រោយនៃត្រកូលរថយន្ត SUV របស់ SsangYong ដែលស្ថិតនៅចន្លោះរថយន្ត Korando និងរថយន្ត Rexton។

រូបរាងខាងក្រៅរបស់រថយន្ត គេធ្លាប់បានឃើញរួចមកហើយតាមរយៈរូបភាព Teaser ដែលបានចេញផ្សាយកន្លងមក ដោយរូប​រាងរបស់​វា​មាន​ការ​ឌីហ្សាញបែបជ្រុងៗបែបរថយន្ត Jeep, មានអំពូលភ្លើង LED រាងស្លីម និង​មានរន្ធស្រូបខ្យល់ទំហំធំ ហើយ​ផ្នែក​ខាងក្រោយក៏មានបំពាក់ភ្លើង LED ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងក្នុងនៃរថយន្តនេះមានកុងទ័រប្រភេទឌីជីថល, មានអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, អេក្រង់ទំហំ ៨អ៊ីញ សម្រាប់បញ្ជា​សីតុណ្ហភាព, មានចង្កូតរថយន្តប្រភេទ Four-Spoke ដែលមានបង្កប់ប៊ូតុងបញ្ជាជាច្រើន, មាន​ភ្លើង Ambient, មានរន្ធបំពង​សំឡេងចំនួន៦, មានរន្ធ USB ចំនួនប្រាំ, មានពោងសុវត្ថិភាពចំនួន៧ និងមានមុខងារ ADAS ជាច្រើន។

ចំពោះលក្ខណៈសម្បត្តិម៉ាស៊ីនវិញ SsangYong បាននិយាយថាវាមានបំពាក់ម៉ាស៊ីន T-GDI ដែលទំនងជាម៉ាស៊ីន Turbocharged ចំណុះ១,៥លីត្រ ៤ស៊ីឡាំង ដូចមានប្រើលើរថយន្ត Korando ដែលមានភ្ជាប់ជាមួយ​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​៦​វគ្គ។

នៅកូរ៉េខាងត្បូង SsangYong Torres មានតម្លៃចាប់ពីប្រមាណ ២០ ៩១១ដុល្លារ ដល់ប្រមាណ ២៣ ៦៣០ដុល្លារ ហើយ​ក៏​មាន​ដំណឹងអំពីប្រភេទអគ្គិសនីសុទ្ធដែលគ្រោងចេញលក់នៅអឺរ៉ុបនៅក្នុងអំឡុងឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម