[ទីផ្សារបរទេស] Ssangyong បានប្រកាសចេញជាផ្លូវការនូវរថយន្ត Torres ជំនាន់ថ្មីសម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ដែលវាជាសមាជិកថ្មីចុងក្រោយនៃត្រកូលរថយន្ត SUV របស់ SsangYong ដែលស្ថិតនៅចន្លោះរថយន្ត Korando និងរថយន្ត Rexton។
រូបរាងខាងក្រៅរបស់រថយន្ត គេធ្លាប់បានឃើញរួចមកហើយតាមរយៈរូបភាព Teaser ដែលបានចេញផ្សាយកន្លងមក ដោយរូបរាងរបស់វាមានការឌីហ្សាញបែបជ្រុងៗបែបរថយន្ត Jeep, មានអំពូលភ្លើង LED រាងស្លីម និងមានរន្ធស្រូបខ្យល់ទំហំធំ ហើយផ្នែកខាងក្រោយក៏មានបំពាក់ភ្លើង LED ផងដែរ។
នៅផ្នែកខាងក្នុងនៃរថយន្តនេះមានកុងទ័រប្រភេទឌីជីថល, មានអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, អេក្រង់ទំហំ ៨អ៊ីញ សម្រាប់បញ្ជាសីតុណ្ហភាព, មានចង្កូតរថយន្តប្រភេទ Four-Spoke ដែលមានបង្កប់ប៊ូតុងបញ្ជាជាច្រើន, មានភ្លើង Ambient, មានរន្ធបំពងសំឡេងចំនួន៦, មានរន្ធ USB ចំនួនប្រាំ, មានពោងសុវត្ថិភាពចំនួន៧ និងមានមុខងារ ADAS ជាច្រើន។
ចំពោះលក្ខណៈសម្បត្តិម៉ាស៊ីនវិញ SsangYong បាននិយាយថាវាមានបំពាក់ម៉ាស៊ីន T-GDI ដែលទំនងជាម៉ាស៊ីន Turbocharged ចំណុះ១,៥លីត្រ ៤ស៊ីឡាំង ដូចមានប្រើលើរថយន្ត Korando ដែលមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ។
នៅកូរ៉េខាងត្បូង SsangYong Torres មានតម្លៃចាប់ពីប្រមាណ ២០ ៩១១ដុល្លារ ដល់ប្រមាណ ២៣ ៦៣០ដុល្លារ ហើយក៏មានដំណឹងអំពីប្រភេទអគ្គិសនីសុទ្ធដែលគ្រោងចេញលក់នៅអឺរ៉ុបនៅក្នុងអំឡុងឆ្នាំ ២០២៣៕