[ទីផ្សារបរទេស] អំឡុងពេលនៃការធ្វើបទបង្ហាញ “Dare Forward 2030” ដែលនិយាយអំពីផែនការយុទ្ធសាស្ត្រសម្រាប់១០ឆ្នាំខាងមុខ ក្រុមហ៊ុន Stellantis បានប្ដេជ្ញាថានឹងធ្វើឲ្យម៉ាករថយន្តទាំងអស់របស់ខ្លួនមានលក់តែរថយន្តអគ្គិសនីសុទ្ធលើទីផ្សារអឺរ៉ុប ដែលតាំងចិត្តថាធ្វើឲ្យបានត្រឹមឆ្នាំ២០៣០។
នៅត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុនគ្រោងបង្កើនចំនួនលក់រថយន្តអគ្គិសនីឲ្យបានលើសពី៥លានគ្រឿងជាប្រចាំឆ្នាំ ដោយនឹងមានផ្ដល់ជូនជម្រើសរថយន្តអគ្គិសនីលើសពី ៧៥ម៉ូដែលក្នុងទីផ្សារ ដែលជាផ្នែកមួយនៃការប្រកាសចេញផលិតផលថ្មីចំនួន១០០នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។
ក្រុមហ៊ុនដ៏ធំមួយនេះចង់ឲ្យរថយន្តអគ្គិសនីមានចំណែក ១០០% នៃចំនួនលក់សរុបនៅអឺរ៉ុប រួមទាំងមានចំណែក ៥០% ផងដែរ នៃចំនួនលក់សរុបនៅអាមេរិក សម្រាប់ម៉ាករថយន្តទាំងអស់ដែលស្ថិតក្រោម Stellantis។ បន្ថែមពីនេះក្រុមហ៊ុនក៏ចង់កាត់បន្ថយការបញ្ចេញឧស្ម័នពុលឲ្យបាន ៥០% នៅត្រឹមឆ្នាំ២០៣០ មុនការធ្លាក់ចុះមកនៅត្រឹម ០% នៅត្រឹមឆ្នាំ២០៣៨។
ក្រៅពីការប្រកាសពីគោលដៅថ្ងៃអនាគតហើយនោះ ក្នុងបទបង្ហាញក៏បានបង្ហាញឲ្យឃើញគំនូរព្រាងនៃរថយន្ត Jeep អគ្គិសនីសុទ្ធជាលើកដំបូង ដែលនឹងបង្ហាញវត្តមាននៅដើមឆ្នាំ២០២៣ និងរថយន្ត Ram 1500 ប្រភេទអគ្គិសនី ដែលប្រកាសចេញនៅឆ្នាំ២០២៤។
ទោះបីជាផែនការទាក់ទងនឹងរថយន្តអគ្គិសនីនេះនឹងត្រូវចំណាយច្រើន ប៉ុន្តែក្រុមហ៊ុន Stellantis បានដាក់គោលដៅបង្កើនប្រាក់ចំណូលទ្វេដងឲ្យបាន ៣០០ពាន់លានអឺរ៉ូ នៅត្រឹមឆ្នាំ២០៣០ ដោយនាយកប្រតិបត្តិក្រុមហ៊ុនបានបង្ហាញក្ដីរំពឹងថាវិស័យរថយន្តតម្លៃថ្លៃ រួមទាំងរថយន្តប្រណីត នឹងចូលរួមចំណែកធំក្នុងការបង្កើនប្រាក់ចំណូល៕