Stellantis និង Hyundai ផ្អាកនាំចូលរថយន្តទៅកាន់រុស្សី ខណៈ រុស្ស៊ី​ហាម​ឃាត់​ការ​នាំ​ចេញទំនិញជាង ២០០មុខ

[ទីផ្សារបរទេស] ជាការឆ្លើយតបទៅនឹងទណ្ឌកម្មមកលើខ្លួន ពេលនេះរុស្ស៊ី​កំពុង​សងសឹក​នឹង​​លោកខាងលិច​ដោយ​អនុម័ត​ការហាមឃាត់​ការនាំចេញ​ដែល​រួមបញ្ចូល​ទំនិញ​ជាង ២០០ មុខ ហើយ​នឹង​បន្ត​រហូតដល់​ចុងឆ្នាំ​នេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន TASS គ្រប់គ្រងដោយរដ្ឋបាននិយាយថា បញ្ជីនេះរួមមានបច្ចេកទេស ទូរគមនាគមន៍ និងគ្រឿងបរិក្ខារពេទ្យ ព្រមទាំងរថយន្ត គ្រឿងយន្តកសិកម្ម ក្បាលរថភ្លើង និងរទេះភ្លើង។ ធាតុផ្សេងទៀតរួមមាន ធុងកុងទ័រនឺ ទួរប៊ីន ម៉ាស៊ីនកែច្នៃដែក និងថ្ម ម៉ូនីទ័រ ម៉ាស៊ីនបញ្ចាំង កុងសូលជាដើម។

ជាមួយគ្នានេះ សារព័ត៌មាន BBC បានរាយការណ៍ថា ការហាមឃាត់ការនាំចេញមានគោលដៅប្រហែល ៤៨ ប្រទេសដែលរដ្ឋាភិបាលរុស្ស៊ីបាននិយាយថា បានប្រព្រឹត្តសកម្មភាពមិនរាក់ទាក់ ប្រឆាំងនឹងខ្លួន។ លើសពីនេះ រដ្ឋាភិបាល​បាន​បន្ថែម​ថា ការ​ហាមប្រាម​នេះ​មាន​គោល​បំណង​ធានា​ឲ្យមាន​ការ​ដំណើរការ​ដោយ​គ្មាន​ការ​រំខាន​នៃ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្តូរនេះហាក់ដូចជាមានការប៉ះពាល់ដល់ក្រុមហ៊ុន Stellantis ដោយបានប្រាប់គេហទំព័រ Carscoops នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបញ្ឈប់ការនាំចូល និងនាំចេញរថយន្តពីប្រទេសរុស្ស៊ី។ គួរឲ្យដឹងថា ក្រុមហ៊ុននេះបានដំណើរការរោងចក្រនៅក្នុងទីក្រុង Kaluga ហើយបានចាប់ផ្តើមនាំចេញរថយន្ត Citroёn Jumpy, Peugeot Expert និង Opel Vivaro ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងលិចកាលពីដើមឆ្នាំនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Hyundai ដែលរួមគ្នាជាមួយក្រុមហ៊ុន Kia ប្រតិបត្តិការរោងចក្រផលិតនៅក្នុងប្រទេសរុស្ស៊ី ក៏បានសម្រេចចិត្តផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះផងដែរ។ ក្នុងនោះ ក្រុមហ៊ុនបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន Hyundai Motor Manufacturing Russia (HMMR) ត្រូវបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែបញ្ហាដឹកជញ្ជូនសកលដែលកំពុងបន្តជាមួយនឹងការចែកចាយគ្រឿងបន្លាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម