Stellantis និង CATL ប្រកាសចាប់ដៃគ្នាវិនិយោគប្រាក់ ៤,៣ពាន់លានដុល្លារ ផលិតអាគុយ LFP នៅក្នុងប្រទេសអេស្ប៉ាញ

នៅក្នុងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន Stellantis និង CATL បានប្រកាសពីផែនការវិនិយោគរបស់ពួកគេរហូតដល់ ៤,៣ពាន់លានដុល្លារ ក្នុងការបណ្តាក់ទុនរួមគ្នាមួយដើម្បីសាងសង់រោងចក្រផលិតអាគុយលីចូមដែកផូស្វាត (LFP) នៅក្នុងទីក្រុង Zaragoza ប្រទេសអេស្ប៉ាញ។

ចំពោះការចាប់ផ្តើមប្រតិបត្តិការរបស់រោងចក្រនេះគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២៦ ដោយមានសមត្ថភាពផលិតរហូតដល់ ៥០ជីហ្គាលវ៉ាត់ម៉ោង ដោយផ្អែកលើលក្ខខណ្ឌទីផ្សារ និងការគាំទ្រផ្នែកច្បាប់ពីប្រទេសអេស្ប៉ាញ និងសហភាពអឺរ៉ុប។ ក្នុងនោះ ចំពោះការបណ្តាក់ទុនរួមគ្នានេះមានការចែកចាយភាគរយ ៥០-៥០ ហើយការសាងសង់រោងចក្រនឹងត្រូវអនុវត្តក្នុងដំណាក់កាលជាច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ គម្រោងនេះផងដែរ គឺជាជំហានដ៏សំខាន់មួយរបស់ក្រុមហ៊ុន Stellantis ដើម្បីបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនី (EV) របសពួកគេនៅក្នុងទ្វីបអឺរ៉ុប។ លើសពីនេះទៅទៀត រោងចក្រនេះ នឹងផ្តោតលើការផ្គត់ផ្គង់ប្រព័ន្ធថ្មអាគុយដែលមានតម្លៃសមរម្យ និងការប្រើប្រាស់បានយូរឆ្នាំសម្រាប់រថយន្តអគ្គិសនីគ្រប់ប្រភេទ។

គួរឲដឹងថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈ (MOU) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ ខណៈពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Stellantis គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសហូឡង់ ហើយជាម្ចាស់ម៉ាកយីហោ Fiat, Jeep, Peugeot, Citroen, Alfa Romeo, Opel, RAM និងផ្សេងៗទៀត ខណៈ ក្រុមហ៊ុន CATL គឺជាក្រុមហ៊ុនផលិតថ្មធំជាងគេនៅក្នុងពិភពលោក ដែលគ្រប់គ្រងចំណែកទីផ្សារ ៤៦ភាគរយ នៅក្នុងប្រទេសចិន នៅក្នុុងឆ្នាំ២០២៤ (ខែមករា ដល់ ខែវិច្ឆិកា)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម