[ទីផ្សារបរទេស] អង្គភាព Consumer Reports របស់សហរដ្ឋអាមេរិកដែលជាអង្គភាពមួយជំនាញខាងធ្វើការធ្វើតេស្ត និងវាយតម្លៃផលិតផល បានបញ្ចេញរបាយការណ៍ថ្មីចុងក្រោយនៃ Brand Report Card ដែលជាការដាក់ចំណាត់ថ្នាក់ម៉ាករថយន្តផ្អែកលើភាពជឿទុកចិត្ត, ការពេញចិត្តពីសំណាក់អតិថិជន, កម្រិតសុវត្ថិភាព និងផ្អែកតាមការធ្វើតេស្តបើកបរលើដងផ្លូវ។
ក្នុងនោះម៉ាករថយន្តជប៉ុន Subaru បានក្លាយជាម៉ាករថយន្តល្អដាច់គេ ជាមួយពិន្ទុសរុបចំនួន ៨១ពិន្ទុ ដែលតាមពីក្រោយដោយម៉ាករថយន្ត Mazda និង BMW ដែលមានពិន្ទុសរុប ៧៨ពិន្ទុដូចគ្នា។ ចំណែក Honda និង Lexus ទទួលបានពិន្ទុសរុប ៧៧ពិន្ទុដូចគ្នា តាមពីក្រោយដោយ Audi (៧៥), Porsche (៧៤), MINI (៧៤), Toyota (៧៤) និង Infiniti (៧២)។
ងាកទៅមើលម៉ាករថយន្តអាមេរិកដូចជា Buick ស្ថិតនៅចំណាត់ថ្នាក់ទី១១ ជាមួយពិន្ទុសរុប ៧២ពិន្ទុ តាមពីក្រោយដោយ Chrysler (៧១), Dodge (៦៧), Cadillac (៦៣) និង Ford (៦២)។ ចំណែកឯ Tesla ដែលជាម៉ាកក្នុងស្រុកមួយដែរទទួលបានពិន្ទុសរុប ៦០ពិន្ទុ ដូចគ្នានឹង Chevrolet និង Mercedes ដែរ។
ម៉ាករថយន្តដែលស្ថិតនៅចំណាត់ថ្នាក់ទាបជាងគេគឺ Jeep ដែលទទួលបានត្រឹម ៤៥ពិន្ទុប៉ុណ្ណោះ ហើយ Consumer Reports បាននិយាយថាការទទួលបានពិន្ទុទាបនេះក៏ដោយសារជាប់ពាក់ព័ន្ធនឹងបញ្ហាដែលកើតមានលើរថយន្ត Gladiator៕