Subaru និង Toyota ធ្លាប់មានការសហការគ្នាដ៏ជោគជ័យជាច្រើនឆ្នាំមកហើយ ដូចជាការសហការរវាងរថយន្ត Toyota 86 និងរថយន្ត Subaru BRZ ជាដើម។ យ៉ាងណាក្ដីដៃគូទាំងពីរហាក់បានផ្លាស់ប្ដូរភាពអាទិភាពរបស់ខ្លួន ពេលដែលឧស្សាហកម្មយានយន្តងាកទៅរករថយន្តអគ្គិសនី។
កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនជប៉ុនទាំងពីរបានប្រកាសថាពួកគេអាចនឹងសហការគ្នាបង្កើតគ្រោងឆ្អឹងថ្មីសម្រាប់រថយន្តអគ្គិសនី។ ដើម្បីបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនេះ នាពេលនេះ Subaru បានប្រកាសការទិញយកភាគហ៊ុនរបស់ Toyota Motor Corporation ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧៥លានដុល្លារ ដែលស្មើចំណែកភាគហ៊ុន ០,៣%។
ការទិញយកភាគហ៊ុនរបស់ Toyota ពីសំណាក់ Subaru នេះគេនឹងអាចឃើញការអភិវឌ្ឍន៍ និងការកែសម្រួលកាន់តែប្រសើរលើរថយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរវាងក្រុមហ៊ុនទាំងពីរ។ គេរំពឹងថារថយន្តអគ្គិសនីដែលផលិតក្រោមការសហការគ្នារវាង Toyota និង Subaru អាចបង្ហាញវត្តមាននៅប៉ុន្មានឆ្នាំខាងមុខទៀត៕