[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញរថយន្តពិសេសថ្មី Subaru Forester XT-Edition ដើម្បីរំលឹកខួបលើកទី ៥០ នៃប្រព័ន្ធ All-wheel drive system នៅលើរថយន្ត Subaru បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសជប៉ុនជាមួយនឹងការរចនាម៉ូដដ៏ទាក់ទាញ និងលក្ខណៈពិសេសដែលងាយស្រួលសម្រាប់ដំណើរផ្សងព្រេង។
Subaru Forester XT-Edition គឺផ្អែកលើការរចនាម៉ូដ Sport នៃ JDM-spec Subaru Forester ។ រថយន្តនេះត្រូវបានសម្គាល់ដោយពណ៌ខាងក្រៅពណ៌ខៀវ (Geyser Blue) ដែលត្រូវបានផ្តល់ជូនជាលើកដំបូងនៅក្នុងប្រទេសជប៉ុន។ សម្រាប់អតិថិជនដែលមិនចូលចិត្តពណ៌ខៀវ Subaru កំពុងផ្ដល់ជម្រើសពណ៌ស ប្រផេះ និងខ្មៅ។ បន្ថែមពីនេះរថយន្តទាំងនេះនឹងប្រាស់ពណ៌ខ្មៅជុំវិញតួខ្លួនរថយន្តដូចជា ប៉ាណាមុខ, កញ្ចក់, កាងការពារខាងមុខ, កាង spoiler, ដំបូល roof rail និងថាសកង់អាលុយមីញ៉ូមទំហំ ១៨ អ៊ីញផងដែរ។
រីឯនៅផ្នែកខាងក្នុងវិញ បានតុបតែងស្បែកពណ៌ខ្មៅទៅលើផ្នែកកាប៊ីន និងកៅអីស្រោបដោយស្បែកជាមួយនឹងថ្នេដេរពណ៌ប្រាក់ លាយក្រូម។ ភ្លើងខាងក្នុងត្រូវបានអាប់ដេតជាប្រភេទ LEDs ខណៈពេលដែលកន្លែងដាក់ឥវ៉ាន់មានគម្របការពារទឹកជ្រាបទៀតផង។
គួរឲ្យដឹងថា XT-Edition មិនមានអេក្រង់កំសាន្តទេ ដែលត្រូវបានជំនួសមកវិញជាមួយនឹងបន្ទះផ្លាស្ទិចពណ៌ខ្មៅ តូចមួយ។ លើសពីនេះ Subaru បានបន្ថែមកញ្ចប់ប្រព័ន្ធសុវត្ថិភាព EyeSight Safety Plus ADAS និងកញ្ចក់ឌីជីថលជាស្តង់ដារ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ នៅតែប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៧៥ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួនតាមរយៈប្រអប់លេខ Lineartronic CVT និងប្រព័ន្ធ Symmetrical AWD របស់ក្រុមហ៊ុន Subaru ។
រថយន្ត Subaru Forester XT-Edition មានលក់នៅក្នុងប្រទេសជប៉ុនជាមួយតម្លៃចាប់ពី ២៥ ៤១៩ ដុល្លារ និងមានជម្រើសតែមួយគត់គឺទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីដែលបន្ថែមតម្លៃ ៤១៧ ដុល្លារ ។ ជាមួយគ្នានេះ សម្រាប់ Subaru Forester XT-Edition មិនទាន់ដឹងថានឹងត្រូវបានផ្តល់ជូននៅក្នុងទីផ្សារផ្សេងទៀតក្រៅពីប្រទេសជប៉ុនឬអត់នោះទេ៕