[ទីផ្សារបរទេស] ក្រុមហ៊ុន Subaru ទើបតែបានប្រកាសចេញរថយន្ត BRZ ម៉ូដែលពិសេសថ្មី នៅក្នុងប្រទេសជប៉ុន សម្រាប់ប្រើប្រាស់នៅលើទីលាន ដោយហៅឈ្មោះវាថា Subaru BRZ Cup Car Basic។
រថយន្ត Subaru BRZ Cup Car Basic ត្រូវបានឌីហ្សាញឡើងយ៉ាងពិសេសសម្រាប់ប្រណាំងនៅក្នុងការប្រកួត ដោយមានការអាប់ដេតលើសពីម៉ូដែល BRZ ធម្មតា។
រថយន្តស្ព័រនេះមានបំពាក់យ៉ាន់កង់ដែក ទំហំ ១៦អ៊ីញ ពណ៌ខ្មៅ ហើយមានជម្រើសតួខ្លួនសរុប ៧ ពណ៌ គឺ WR blue pearl, Ignition Red, Sapphire blue pearl, Crystal White Pearl, Ice silver metallic, Magnetite gray metallic និង Crystal black silica។
អ្វីដែលជាលក្ខណៈពិសេសបំផុតនោះគឺ ការបំពាក់ដែក Roll Cage ទប់លំនឹង, ខ្សែក្រវ៉ាត់ក្បាល ៦ សម្រាប់អ្នកបើកបរ និង កម្រាលជើងពិសេស ខណៈពោងសុវត្ថិភាពផ្នែកចំហៀង ត្រូវបានដកចេញ។
BRZ Cup Car Basic មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង ប្រភេទ Box Engine ដែលបង្កើតកម្លាំងបាន ២៣២សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ។ ថាមពលនោះត្រូវបញ្ជូនទៅកង់ខាងក្រោយ តាមរយៈប្រអប់លេខដៃ ៦វគ្គ ជាមួយមុខងារជំនួយ limited-slip differential ទៀតផង។ មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានអាប់ដេតទៅលើប្រព័ន្ធស្អំម៉ាស៊ីន និងប្រេង ដែលល្អសម្រាប់ការប្រើប្រាស់នៅលើទីលានប្រណាំងថែមទៀតផង។
រថយន្ត Subaru BRZ Cup Car Basic ថ្មីនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុន ក្នុងតម្លៃ ៣ ៣៣៨ ៥០០ យ៉េន ឬប្រហែល ២៨ ៩០០ដុល្លារ៕
ប្រភព ៖ carscoops