![2025-subaru-forester-hybrid-pr-109-6791101279bd3](https://camboauto.com/wp-content/uploads/2025/02/2025-subaru-forester-hybrid-pr-109-6791101279bd3.avif)
ក្រុមហ៊ុន Subaru បានប្រកាសថា រថយន្ត Forester Hybrid ឆ្នាំ២០២៥ នឹងចេញលក់នៅក្នុងនិទាឃរដូវខាងមុខនេះ ចន្លោះខែមិនា ដល់ខែមិថុនា ឆ្នាំ២០២៥។
ក្នុងនោះ រថយន្តនេះ នឹងទទួលបានប្រព័ន្ធ Hybrid ថ្មី ដូចគ្នាទៅនឹង Crosstrek Hybrid 2026 ដែរ ពោលគឺ Forester Hybrid នឹងប្រើប្រព័ន្ធ series-parallel hybrid system ក៏ដូចជាប្រព័ន្ធចែកថាមពលប៉ុង ២ (AWD) រួមជាមួយម៉ាស៊ីន ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ១៩៤ សេះ។ ទន្ទឹមនឹងនេះបើយោងទៅតាមព័ត៌មានបឋមបាននិយាយថា Subaru Forester Hybrid 2025 នឹងផ្តល់បទពិសោធន៍បើកបរកាន់តែប្រសើរ និងសន្សំសំចៃប្រេងបានល្អប្រសើរជាងមុន។
យោងតាមការប៉ាន់ស្មានដោយ EPA បង្ហាញថា Forester Hybrid 2025 អាចមានសមត្ថភាពប្រើប្រាស់ប្រេងត្រឹមតែ ៦,៧លីត្រ ប៉ុណ្ណោះ ក្នុង ១០០គីឡូម៉ែត្រ នៅក្នុងទីក្រុង និងលើផ្លូវហាយវេ ដែលប្រសើរជាងម៉ូដែល Forester មិនប្រើ Hybrid ។ លើសពីនេះ វាក៏នឹងទទួលបាននូវអេក្រង់ឌីជីថលទំហំ ១២,៣ អ៊ីញ និងប្រព័ន្ធ Multimedia Plus ទំហំ ១១,៦ អ៊ីញ ផងដែរ គាំទ្រការភ្ជាប់ Apple CarPlay និង Android Auto ។
គួរឲដឹងថា តម្លៃរបស់ Forester Hybrid 2025 គឺអាចចាប់ពី ៣៦ ៤២៥ ដុល្លារ សម្រាប់ជម្រើស Premium ដល់ ៤៣ ១១៥ ដុល្លារ សម្រាប់ជម្រើស Touring ៕