[បរទេស] ក្រុមហ៊ុន Subaru បានបង្ហាញរូបភាព Teaser នៃគំរូរថយន្ត STI E-RA Concept ថ្មី ដែលជារថយន្តស្ព័រអគ្គិសនីនៅមុនការបង្ហាញខ្លួនជាសាធារណៈរបស់ខ្លួននៅឯ Tokyo Auto Salon ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១៤ ដល់់ ១៦ ខែមករា។
គំរូរថយន្ត Subaru STI E-RA គឺជាគំរូរថយន្តរបស់ក្រុមហ៊ុន Subaru ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍នាពេលអនាគតនៃរថយន្តអគ្គិសនី។ តាមរូបភាពបង្ហាញពីការរចនាចង្កៀងខាងមុខជារាងអក្សរ C ជាមួយនឹងនិមិត្តសញ្ញា STI ពណ៌ក្រហមភ្លឺនៅចំកណ្តាល ខណៈពេលដែលកម្របម៉ាស៊ីនត្រូវបានរចនាឡើងជាមួយនឹងបំពង់ខ្យល់ទំហំធំ។ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Subaru ដែលចង់អភិវឌ្ឍរថយន្តបែបស្ព័ររបស់ខ្លួន។
ក្នុងនោះដែរ ក្រុមហ៊ុន Subaru ក៏នឹងបង្ហាញនៅគំរូរថយន្ត២បន្ថែមទៀតគឺ WRX S4 STI Performance Concept ដែលផ្អែកលើគ្រោងឆ្អឹង WRX S4 STI Sport R និងទទួលបានពណ៌ Cherry Red, កាងលំអខាងក្រោយប្រភេទ Carbon និងបំពង់ស៊ីមាំងស្ព័រ រួមទាំងគំរូ Levorg STI Performance Concept ដែលត្រូវបានតុបតែងតាមរបៀបស្រដៀងគ្នា ប៉ុន្តែវាបានភ្ជាប់មកជាមួយនឹងតួរថយន្តប្រភេទ Wagon រួមទាំងរថយន្តប្រណាំង BRZ GT300 ២០២១ ដែលទើបឈ្នះថ្មីៗនេះ មួយផ្សេងទៀតផងដែរ។
ក្នុងនោះក៏នឹងមានរថយន្ត Special edition មួយដែលត្រូវបញ្ចេញនៅក្នុងព្រឹត្តិការណ៍នោះគឺ BRZ STI Performance ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើគ្រោងឆ្អឹងរបស់ BRZ Model S ដែលបានបញ្ចេញនៅក្នុងប្រទេសជប៉ុន រួមជាមួយនឹងឈុតខាងក្រៅពណ៌ក្រហម cherry ដើម្បីធ្វើឱ្យវាកាន់តែស្រស់ស្អាតថែមទៀត ៕