ក្រុមហ៊ុន Subaru ទើបតែបានប្រកាសចេញនូវតម្លៃថ្មីសម្រាប់រថយន្ត BRZ ស៊េរីឆ្នាំ២០២៣ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយតម្លៃថ្មីគឺថ្លៃជាងមុនបន្តិច។
រថយន្ត Subaru BRZ ឆ្នាំ២០២៣ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៨ ៥៩៥ដុល្លារ ពោលគឺថ្លៃជាងមុន ៦០០ដុល្លារ។ ថ្វីបើឡើងថ្លៃមែន ប៉ុន្តែវាហាក់បីដូចជាគ្មានអ្វីផ្លាស់ប្តូរនោះទេ។ ជាមួយគ្នានេះដែរ Subaru BRZ Limited ក៏បានឡើងថ្លៃ ៦០០ដុល្លារ ចាប៉ពី ៣១ ០៩៥ដុល្លារផងដែរ។
សូមបញ្ជាក់ថា រថយន្ត Subaru BRZ ឆ្នាំ២០២៣ នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ។ វាប្រើប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ ប៉ុន្តែក៏មាន Option ប្រអប់លេខអូតូ ៦វគ្គដែរ តម្លៃ ១ ៥០០ដុល្លារលើម៉ូដែល Premium និង ១ ៧០០ដុល្លារលើម៉ូដែល Limited។
គួរឲ្យដឹងដែរថា ចំពោះប្រភេទប្រើប្រអប់លេខអូតូ វានឹងមានបន្ថែមប្រព័ន្ធជំនួយការបើកបរជាច្រើន រួមទាំង adaptive cruise control, pre-collision braking, lane departure and sway warning និង lead vehicle start alert ទៀតផង៕