ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត Crosstrek ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបំពាក់ម៉ាស៊ីនថ្មី, បន្ថែមម៉ូដែល Sport និង កែកុនការឌីហ្សាញមួយចំនួន ជាដើម។
ឥឡូវនេះ រថយន្ត Subaru Crosstrek ថ្មីបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer មានកម្លាំង ១៨២សេះ មកស្តង់ដារលើម៉ូដែល Sport និង Limited។ វាមានកម្រិតស៊ីសាំង ៨,៧លីត្រ/ក្នុងក្រុង , ៦,៩លីត្រ/ក្រៅក្រុង និង ៨,១លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។
ដោយឡែក ម៉ូដែល Base និង Premium នៅបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ប្រភេទ Boxer មានកម្លាំងត្រឹម ១៥២សេះ។ គ្រប់ម៉ូដែលរបស់ Crosstrek ទាំងអស់ សុទ្ធតែបំពាក់ប្រព័ន្ធប៉ុងពីរ Subaru Symmetrical All-Wheel Drive និង Active Torque Vectoring។
បន្ថែមពីនេះ Subaru បានកែសម្រួលប្រព័ន្ធ EyeSight ឲ្យកាន់តែប្រសើរលើ Crosstrek ឆ្នាំ២០២១ ជាមួយនឹងមុខងារថ្មី ហៅថា Advanced Adaptive Cruise Control with Lane Centering៕