Subaru Forester ជំនាន់ថ្មី នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ជាមួយបច្ចេកវិទ្យាហាយប្រ៊ីដ របស់ Toyota

រថយន្ត Subaru Forester ជំនាន់ថ្មីកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ ជាមួយពាក្យចចាមរ៉ាមនៃការបង្ហាញខ្លួននាឆ្នាំ២០២៣ ជាមួយបច្ចេកវិទ្យាហាយប្រ៊ីដ ពីក្រុមហ៊ុន Toyota។

យោងតាមការរាយការណ៍ពី Mag-X ប្រចាំប្រទេសជប៉ុនបានបង្ហាញថា រថយន្ត Forester ជំនាន់ថ្មីនឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹងកែសម្រួលថ្មី Subaru Global Platform ដោយវាមិនដូចគ្នានឹងរថយន្តស្ព័រ Toyota GR86 និង Subaru BRZ ឬរថយន្តអគ្គសនី Toyota bZ4x និង Subaru Solterra ដែលផលិតរួមគ្នាជាមួយ Toyota ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់បច្ចេកវិទ្យាហាយប្រ៊ីដពេញលេញពីក្រុមហ៊ុន Toyota ដោយបំពាក់ជាមួយម៉ាស៊ីនសាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនពីរផងដែរ ដែលជួយអោយវាកាត់បន្ថយការបំភាយឧស្ម័នតិចជាងមុន និងស៊ីសាំងទាបជាងម៉ូឌែលបច្ចុប្បន្ននេះផងដែរ។

នាពេលបច្ចុប្បន្នលើទីផ្សារប្រទេសជប៉ុន និងអ៊ឺរ៉ុប Subaru Forester ដំណើរការដោយប្រព័ន្ធ mild-hybrid ចំណុះ ២,០លីត្រ e-Boxer ផលិតកម្លាំងបាន ១៤៨សេះ។ រីឯតីផ្សារសហរដ្ឋអាមេរិចបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ Boxer ផលិតកម្លាំងបាន ១៨២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម