ក្រុមហ៊ុន Suburu និង Toyota បានចាប់ដៃគ្នាក្នុងការសហការផលិតរថយន្តអគ្គិសនីម៉ូឌែលថ្មី bZ4X និង Solterra ដោយរថយន្ត bZ4X ត្រូវបានក្រុមហ៊ុន Toyota ប្រកាសបង្ហាញចេញកាលពីខែមុនកន្លងទៅ។ នាពេលនេះ ក្រុមហ៊ុន Suburu បានធ្វើការបង្ហាញចេញនូវរថយន្ត Crossover អគ្គិសនី Solterra របស់ខ្លួន សម្រាប់ទីផ្សារប្រទេសជប៉ុនជាផ្លូវការ ខណៈទីផ្សារសហរដ្ឋអាមេរិចនឹងបង្ហាញចេញនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត LA Auto Show នៅថ្ងៃទី ១៧ វិច្ឆិការខាងមុខនេះ។
រថយន្ត Solterra ត្រូវបានប្រើប្រាស់ជាមួយគ្រោងឆ្អឹង e-SGP (e-Suburu Global platform)។ រថយន្តនេះមានប្រវែងសរុប ៤ ៦៩០ម.ម ទទឹង ១ ៨៦០ម.ម កម្ពស់ ១ ៦៥០ម.ម។ បើប្រៀបធៀបគ្នាជាមួយរថយន្ត bZ4X វាមានការរចនាខុសគ្នាលើផ្នែកមួយចំនួនតួរយ៉ាងដូចជា ចង្កៀងមុខ-ក្រោយ, អំពូលបំភ្លឺពេលថ្ងៃ, កាងមុខ និងឡូហ្គូ Suburu នៅចំកណ្តាល។
សម្រាប់ទីផ្សារប្រទេសជប៉ុន Solterra នឹងមានមកជាមួយប្រភេទ AWD ដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរអាចផលិតកម្លាំងបាន ២១៥សេះ និងប្រភេទ FWD ដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយអាចផលិតកម្លាំងបាន ២០១សេះ។ សម្រាប់ប្រភេទទាំងពីរនេះ វានឹងទទួលថាមពលពីអាគុយទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់នូវចម្ងាយបើកបរ ៥៣០គីឡូម៉ែត្រសម្រាប់ប្រភេទ FWD និងចម្ងាយ ៤៦០គីឡូម៉ែត្រសម្រាប់ប្រភេទ AWD។
ក្រុមហ៊ុន Suburu ពុំទាន់បង្ហាញចេញនូវព័ត៌មានលម្អិតនៃរថយន្តនេះនៅឡើយ ប៉ុន្តែក៏បាននិយាយថារថយន្តអគ្គិសនីរបស់ខ្លួននេះ នឹងចេញលក់នៅលើទីផ្សារជុំវិញពិភពលោកចាប់ពីពាក់កណ្តាលឆ្នាំ២០២២៕