
រថយន្ដភីកអាប់ GMC Hummer EV Carbon Fiber Edition កំពុងធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយយ៉ាងខ្លាំង បន្ទាប់ពីរថយន្ដដ៏មានមាឌធំបែបនេះអាចយកឈ្នះរថយន្ដ Supercar ជាច្រើនក្នុងការធ្វើសាកល្បងសន្ទុះនៃការបើកបរនៅទីលានប្រណាំង Texas Motor Speedway នេះបើយោងតាមការបញ្ជាក់ទីក្រុមហ៊ុន GM។
ក្នុងការធ្វើតេស្ដនោះ GMC Hummer EV Carbon Fiber Edition អាចជាន់សន្ទុះល្បឿនពី ០ ទៅ ៦០ ម៉ាយល៍/ម៉ោង ឬស្មើប្រហែល ៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ២.៨ វិនាទី ប៉ុណ្ណោះ ពោលគឺលឿនជាងរថយន្ដស្ព័រមួយចំនួន បើកបរដោយអ្នកបើកបរអាជីពដែលបានចូលក្នុងការធ្វើតេស្ដនេះ។ សម្រាប់ Hummer EV បានដើរតួជាពីរក្នុងពេលតែមួយ គឺទាំងជារថយន្តប្រកួត និងជារថយន្តសម្រាប់ដាក់កាមេរ៉ាថតសកម្មភាព។
ក្នុងការធ្វើតេស្ដនោះក៏មានវត្ដមានលោក Andrew Comrie-Picard ជាអ្នកសម្របសម្រួលបច្ចេកទេសបើកបរការធ្វើលើកទី១ GMC Hummer EV Carbon Fiber Edition បានយកឈ្នះ បន្ទាប់មកក៏មានធ្វើតេស្ដសាកល្បងមួយទៀត ដោយកំណត់ឲ្យរថយន្ដ Hummer EV ត្រូវចាប់ផ្តើមចេញដំណើរពីក្រោយរថយន្តស្ព័រចម្ងាយ “មួយតួឡានពេញ” ដើម្បីរក្សារថយន្តគូប្រកួតឲ្យស្ថិតនៅក្នុងប្លង់កាមេរ៉ាពេលកំពុងថត។ ជាលទ្ធផល Hummer EV Carbon Fiber នៅតែជាអ្នកនាំមុខគេ។

មូលហេតុដែលធ្វើឲ្យរថយន្ដនេះអាចជាន់ស្ទុះខ្លាំងបែបនេះ ដោយសារការប្រើមុខងារ Watts to Freedom ជាប្រព័ន្ធជំនួយក្នុងការបើកបរបែប (Performance launch mode) ធ្វើឲ្យវាក្លាយជារថយន្ត Hummer EV មានល្បឿនលឿនបំផុតមិនធ្លាប់មានពីមុនមក។ ក្រៅពីប្រើប្រាស់មុខងារមួយនេញ ក្រុមហ៊ុនក៏ការបង្កើនសមត្ថភាពរថយន្ដនេះ ជាមួយការកែសម្រួលប្រព័ន្ធបញ្ជូនកម្លាំងថ្មី ធ្វើឲ្យវាអាចផលិតកម្លាំងបានរហូតដល់ ១ ១៦០ សេះ សម្រាប់ម៉ូឌែល 3X ។
សម្រាប់កញ្ចប់ Carbon Fiber Edition នេះមានសម្រាប់តែម៉ូឌែលប្រភេទ 3X ទាំងរថយន្ត Hummer EV SUV និង Pickup។ ចំណុចខុសប្លែកគ្នាផ្នែករូបរាងរួមមាន៖ ពណ៌ខាងក្រៅប្រភេទប្រផេះក្រមៅក្រើម, ថាសកង់ធ្វើពីសរសៃកាបូនទំហំ ២២ អុីញ, បន្ទះការពារបាតក្រោមជាប្រភេទសរសៃកាបូន និងផ្នែកខាងក្នុងពណ៌ទឹកក្រូច៕





















