[ទីផ្សារបរទេស] នៅទីបំផុតក្រុមហ៊ុន Ferrari បានបង្ហាញចេញរថយន្ត SUV ដំបូងរបស់ខ្លួនជាម៉ូដែល Purosangue មានរូបរាងយ៉ាងសង្ហារដែលយកលំនាំតាមរថយន្ត Roma និងមានល្បឿនអតិបរមារហូតដល់ ៣១០គ.ម/ម៉ ដោយប្រើម៉ាស៊ីន១២ស៊ីឡាំង។
ចំណុចទាក់ទាញខ្លាំងរបស់រថយន្ត Purosangue នេះគឺវាមានកម្លាំងខ្លាំងក្លាជាងរថយន្ត SUV ប្រណីតមួយចំនួនទៀត ដោយម៉ាស៊ីន ៦,៥លីត្រ ១២ស៊ីឡាំង របស់វាអាចផលិតកម្លាំងបានដល់ ៧១៥សេះ និងមានកម្លាំងរង្វិលជុំ ៨២៥០ជុំក្នុងមួយនាទី។ ម៉ាស៊ីននេះភ្ជាប់ជាមួយប្រព័ន្ធបើកបរប៉ុងពីរ ជាមួយប្រអប់លេខប្រភេទ Dual-Clutch ៨វគ្គ។
រថយន្ត Aston Martin DBX707 មានកម្លាំងប្រហាក់ប្រហែលនឹង Purosangue ដោយផលិតកម្លាំងបាន ៦៩៧សេះ ប៉ុន្តែមិនមានម៉ាស៊ីន១២ស៊ីឡាំងឡើយ។ ចំណែក Lamborghini Urus Performante អាចផលិតកម្លាំងបានត្រឹម ៦៥៧សេះប៉ុណ្ណោះ។ ដោយឡែករថយន្ត Bentley Bentagya មានម៉ាស៊ីន១២ស៊ីឡាំង ប៉ុន្តែផលិតកម្លាំងបានត្រឹម ៦២៦សេះ។
យ៉ាងណាក្ដី ទាំងរថយន្ត DBX707 និង Urus Performante សុទ្ធតែអះអាងថាមានសន្ទុះស្មើនឹងរថយន្ត Purosangue ដោយស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៣,៣វិនាទី ខណៈដែលរថយន្ត DBX តែមួយប៉ុណ្ណោះអាចរត់ដល់ល្បឿន ៣១០គ.ម/ម៉។
Ferrari មិនទាន់បានប្រកាសចេញតម្លៃសម្រាប់ SUV ដំបូងរបស់ខ្លួននោះទេ ប៉ុន្តែវាទំនងជាមានតម្លៃក្បែរ ៤០ម៉ឺនដុល្លារ ដែលធ្វើឲ្យវាថ្លៃជាងរថយន្ត SUV មហាកម្លាំងដទៃទៀតដែលមានលក់លើទីផ្សារ៕