កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Mercedes-Benz បានប្រកាសរថយន្ត EQA ម៉ូដែល 250 ហើយឥឡូវនេះ វាបានបន្ថែមម៉ូដែលថ្មីចំនួន ២ ទៀត គឺ EQA 300 4MATIC និង EQA 350 4MATIC។
រថយន្ត Mercedes-Benz EQA 300 4MATIC និង EQA 350 4MATIC ថ្មីនេះ មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ និងប្រព័ន្ធប៉ុងពីរ។ EQA 300 4MATIC មានកម្លាំង ២២៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៧វិនាទី ហើយមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំពោះម៉ូដែល EQA 350 4MATIC វិញ មានកម្លាំង ២៨៨សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦វិនាទី ហើយមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងដូចគ្នា។
ពួកវាបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦៦,៥គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៤៩៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
សូមបញ្ជាក់ថា រថយន្ត Mercedes-Benz EQA 300 4MATIC នឹងមានតម្លៃចាប់ពី ៦៤ ៥៨០ដុល្លារ ខណៈម៉ូដែល EQA 350 4MATIC នឹងមានតម្លៃចាប់ពី ៦៧ ៨០០ដុល្លារ៕