យោងតាមប្រធានក្រុមហ៊ុន GM North American លោក Steve Carlisle បានបង្ហាញឲ្យដឹងថា រថយន្ត Cadillac Lyriq ដែលជា SUV អគ្គិសនីដំបូងបង្អស់របស់ខ្លួន នឹងមានតម្លៃថោកជាងខ្ទង់ ៦០ ០០០ដុល្លារ។
តម្លៃខាងលើនេះនឹងធ្វើឲ្យ រថយន្ត Cadillac Lyriq ថោកជាងគូប្រជែង ដូចជា Audi E-Tron, Jaguar I-Pace និង Tesla Model X ផងដែរ។
រថយន្ត Lyriq ប្រើគ្រោងឆ្អឹងជំនាន់ថ្មីរបស់ក្រុមហ៊ុន GM និងដំណើរការដោយប្រព័ន្ធថាមពលអគ្គិសនីថ្មី ហៅថា Ultium ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ។ SUV អត់ប្រើសាំងនេះ នឹងផ្តល់ជាជម្រើសទាំងប្រភេទប៉ុងមួយ និងប៉ុងពីរ។
អ្វីដែលជាចំណុចពិសេសនៃរថយន្តនេះ គឺការបំពាក់អេក្រង់ធំបំផុតមិនធ្លាប់មាន គឺ អេក្រង់ LED ទំហំ ៣៣អ៊ីញ ដែលបង្ហាញព័ត៌មាន, កន្លែងបញ្ជា និងកាមេរ៉ា ជាដើម។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កុងទ័របាញ់លើកញ្ចក់ ប្រភេទ AR ដែលបង្ហាញព័ត៌មានដូចជា ល្បឿន, ទិសដៅ និងការដាស់តឿនផ្សេងៗទៀតផង។ រថយន្តនេះនឹងចូលសង្វាក់ផលិតកម្មនៅចុងឆ្នាំ២០២២៕