
[បរទេស] Denza ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានធ្វើការប្រកាសថារថយន្ត SUV កូនកាត់ PHEV ប្រណិត Denza N9 សេរ៊ីថ្មីឆ្នាំ២០២៦ នឹងសម្ភោធជាផ្លូវការនៅថ្ងៃទី១៧ ខែកញ្ញានេះ។
តាមរយ:រូបភាពដែលបានបង្ហាញចេញដោយ Denza ឃើញថាម៉ូឌែលឆ្នាំ២០២៦ នឹងទទួលបាននូវពណ៌តួរខ្លួន Two-tone ថ្មី ដោយមាន Purple Jade Gold និង Red Elegant Gold ខណ:ព័ត៌មានលម្អិតមួយចំនួនទៀត Denza ពុំទាន់បញ្ចេញនៅឡើយនោះទេ។
សម្រាប់រថយន្ត Denza N9 ដំណើរការដោយប្រព័ន្ធ PHEV ដែលដំណើរការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន៣ ផលិតកម្លាំងសរុបបាន ៩១២សេះ។ ក្នុងនោះ N9 អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ២០២គ.ម និងបើកបរដោយប្រើទាំងអគ្គិសនី និងសាំងបានសរុប ១ ៣០២គ.ម។
បន្ថែមពីនេះ លក្ខណ:ពិសេសបន្ថែមនៃរថយន្ត N9 មានដូចជា បំពាក់មកជាមួយកុងទ័រព័ត៌មានបាញ់លើកញ្ចក់(HUD)ទំហំ ៥០អ៊ីញ, កុងទ័របង្ហាញព័ត៌មានកម្រិត 2.5K ទំហំ ១៣,២អ៊ីញ, អេក្រង់កម្សាន្តកណ្តាលកម្រិត 2.5K ទំហំ ១៧,៣អ៊ីញ, អេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរខាងមុខកម្រិត 2.5K ១៣,២អ៊ីញ, អេក្រង់លើដំបូលសម្រាប់អ្នកដំណើរខាងក្រោយទំហំ ១៧,៣អ៊ីញ, ឧបករណ៍បំពងសម្លេងប្រភេទ Devialet ចំនួន ២៦ចំណុច រួមជាមួយកន្លែងសាកថ្មឥតខ្សែថាមពល ៥០វ៉ាត់ និងប្រព័ន្ធជំនួយការបើកបរ DiPilot 300 ផងដែរ។
គួររំលឹកផងដែរថា បច្ចុប្បន្ន Denza N9 ឆ្នាំ២០២៥ មានតម្លៃចន្លោះពី ៥៤ ៥០០ដុល្លារ ដល់ ៦២ ៥០០ដុល្លារក្នុងទីផ្សារប្រទេសចិន៕