ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Avatr បានប្រកាសចេញរថយន្តម៉ូដែលពិសេសថ្មី ហៅថា Avatr 011 MMW ដែលនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍លើរថយន្តនេះ គឺការប្រើប្រាស់ទឹកថ្នាំពណ៌ខ្មៅរលោង ដែលមានបច្ចេកវិទ្យាជួសជុលដោយខ្លួនឯង នៅពេលមានស្នាមឆ្កូតតិចតួច។ ក្រៅពីនោះ វាក៏មានបំពាក់យ៉ាន់កង់ទំហំ ២២អ៊ីញ និងតុបតែងខ្លួនពណ៌ខ្មៅក្រិបតែម្តង។
រថយន្ត Avatr 011 MMW មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៩០,៣៨គីឡូវ៉ាត់ម៉ោង ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៥៧០សេះ។ SUV អគ្គិសនីខាងលើអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ សមត្ថភាពបើកបររបស់វាដល់ចម្ងាយ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ វាអាចសាកភ្លើងពី ៣០ ទៅ ៨០ភាគរយ ប្រើពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Avatr គឺជាការសហការណ៍គ្នារវាងក្រុមហ៊ុនផលិតរថយន្តចិន Changan Automobile និងក្រុមហ៊ុនផលិតអាគុយ CATL៕