SUV អត់ប្រើសាំងដំបូងបង្អស់របស់ Volkswagen ចេញមុខមកតតាំង Tesla ហើយ!

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត SUV ដំបូងបង្អស់របស់ខ្លួន ដែលដំណើរការដោយថាមពលអគ្គិសនី គឺម៉ូដែល ID.4 ស៊េរីឆ្នាំ២០២១។

រថយន្ត Volkswagen ID.4 បានបំពាក់គ្រោងឆ្អឹង MEB (Modular Electric Drive Architecture) និងម៉ូទ័រអគ្គិសនីមួយ នៅកង់ខាងក្រោយ (RWD) ដែលបង្កើតកម្លាំងបាន ២០១សេះ។ ម៉ូទ័រនោះត្រូវផ្តល់ថាមពលដោយកញ្ចប់អាគុយអគ្គិសនីកម្លាំង ៨២គីឡូវ៉ាត់ម៉ោង ដែលស្ថិតនៅក្រោមរថយន្ត អនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ២៥០ម៉ាយ៍ ឬ ៤០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ជាមួយគ្នានេះ វាក៏មានប្រភេទប្រើប៉ុងពីរ (AWD) ដែរ ដែលបង្កើតកម្លាំងរហូតដល់ទៅ ៣០២សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ID.4 RWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៥វិនាទី ហើយមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ SUV សាកភ្លើងដោយប្រើឆ្នាំងសាកកម្លាំង 11kW បានប្រហែល ៣៣ម៉ាយ៍ ឬ ៥៣គីឡូម៉ែត្រ/១ម៉ោង ហើយក៏គាំទ្រការភ្លើងល្បឿនលឿន (125kW) ដែរ ដោយពី ៥ ទៅ ៨០% ប្រើពេលត្រឹមម ៣៨នាទីប៉ុណ្ណោះ។

ក្រឡេកមកមើលផ្នែកខាងក្នុងវិញ វាប្រើកុងទ័រឌីជីថល ID.Cockpit Digital Display ទំហំ ៥,៣អ៊ីញ និង អេក្រង់បង្ហាញព័ត៌មាន Discover Pro ទំហំ ១០អ៊ីញ។ បើនិយាយពីផ្នែកសុវត្ថិភាពវិញ វាមានបំពាក់ប្រព័ន្ធជំនួយការបើកបរ IQ.Drive មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ មានដូចជា Front Assist, Side Assist, Rear Traffic Alert, Adaptive Cruise Control, Lane Assist, Travel Assist និង Emergency Assist ជាដើម។

រថយន្ត Volkswagen ID.4 នឹងមានតម្លៃចាប់ពី ៣៩ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល RWD និង ៤៣ ៦៩៥ដុល្លារ សម្រាប់ម៉ូដែល AWD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម