ក្រុមហ៊ុន Hyundai-Sime Darby Motor (HSDM) បានធ្វើការប្រកាសសម្ភោធចេញលក់ជាផ្លូវការនូវរថយន្ត Hyundai Palisade ក្នុងប្រទេសម៉ាឡេស៊ី ជាមួយជម្រើស ២ប្រភេទគឺ Exec និង Luxe។
សម្រាប់ទីផ្សារម៉ាឡេស៊ី រថយន្ត SUV កៅអី ៣ជួរនេះផ្តល់នូវជម្រើសកៅអី និងម៉ាស៊ីន ២ប្រភេទ។ ដោយមានជម្រើសប្រភេទ កៅអីចំនួន ៧ (២-២-៣) និងចំនួន ៨កៅអី (២-៣-៣)។ ព្រមទាំងជម្រើសម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ ទំហំ ៤ស៊ីឡាំង CRDi Turbidiesel ផលិតកម្លាំងបាន ១៩៧សេះ និងកម្លាំងបង្វិល ៤៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងជម្រើសម៉ាស៊ីនសាំង ៣,៨លីត្រ Naturally-aspirated ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ២៩០សេះ និងកម្លាំងបង្វិល ៣៥៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងប៉ុងពីរ។
ចំពោះជម្រើសម៉ាស៊ីនម៉ាស៊ូតប្រភេទ ៨កៅអីមានតម្លៃចាប់ពី ៧៧ ៧៣២ដុល្លារ និង ៧កៅអី មានតម្លៃចាប់ពី ៨២ ៤៦០ដុល្លារ។ ចំណែកជម្រើសម៉ាស៊ីនសាំងប្រភេទ ៨កៅអីមានតម្លៃចាប់ពី ៨០ ០៩៦និង ៧កៅអី មានតម្លៃចាប់ពី ៨៤ ៨២៣ដុល្លារ។
សូមបញ្ជាក់ផងដែររថយន្តនេះមានប្រវែងសរុប ៤ ៩៨០មម, ទទឹង ១ ៩៧៥មម និងប្រវែងគម្លាតកង់ ២ ៩០០មម។ ក្រៅពីនេះ រថយន្តនេះបានបំពាក់ជាមួយថាសកង់ទំហំ ២០អ៊ីញ, ចង្កៀងមុខ-ក្រោយ ប្រភេទ LED, កញ្ចក់សងខាងប្រភេទអេឡិចត្រូនិច, ដំបូល Sunroof នៅកៅអីជួរទី១ និងទី២, កៅអីអ្នកបើកបរភ្ជាប់ដោយមុខងារក្តៅត្រជាក់ និងបញ្ជាបាន ១២ទិសដៅ, កៅអីអ្នកអ្នកដំណើរភ្ជាប់ដោយមុខងារក្តៅត្រជាក់ និងបញ្ជាបាន ៨ទិសដៅ, កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, កន្លែងសាកថ្មឥតខ្សែ, អេក្រង់បាញ់លើកញ្ចក់ HUD, ម៉ាស៊ីនត្រជាក់ ៣តំបន់ និងប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរជាច្រើនបន្ថែមទៀត៕