SUV ដំបូងរបស់ Ferrari ប្រកាសចេញផ្លូវការ កម្លាំងខ្លាំងដល់ ៧១៥សេះ

[ទីផ្សារបរទេស] នៅទីបំផុតក្រុមហ៊ុន Ferrari បានបង្ហាញចេញរថយន្ត SUV ដំបូង​របស់​ខ្លួន​ជាម៉ូដែល Purosangue ​មាន​រូបរាងយ៉ាងសង្ហារ​ដែលយកលំនាំតាមរថយន្ត Roma និងមាន​ល្បឿន​អតិបរមា​រហូតដល់ ៣១០គ.ម/ម៉ ដោយប្រើ​ម៉ាស៊ីន១២ស៊ីឡាំង។

ចំណុចទាក់ទាញខ្លាំងរបស់រថយន្ត Purosangue នេះ​គឺ​វា​មាន​កម្លាំងខ្លាំងក្លាជាងរថយន្ត SUV ប្រណីតមួយចំនួន​ទៀត ដោយ​ម៉ាស៊ីន ៦,៥លីត្រ ១២ស៊ីឡាំង របស់វាអាចផលិតកម្លាំងបាន​ដល់ ៧១៥សេះ និងមាន​កម្លាំងរង្វិល​ជុំ ៨២៥០​ជុំ​ក្នុងមួយនាទី។ ម៉ាស៊ីន​នេះ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បើកបរ​ប៉ុងពីរ ជាមួយ​ប្រអប់​លេខ​ប្រភេទ Dual-Clutch ៨វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Aston Martin DBX707 មាន​កម្លាំងប្រហាក់ប្រហែលនឹង Purosangue ដោយផលិតកម្លាំងបាន ៦៩៧សេះ ប៉ុន្តែ​មិន​មាន​ម៉ាស៊ីន១២ស៊ីឡាំងឡើយ។ ចំណែក Lamborghini Urus Performante អាចផលិតកម្លាំងបានត្រឹម ៦៥៧សេះ​ប៉ុណ្ណោះ។ ដោយឡែករថយន្ត Bentley Bentagya មានម៉ាស៊ីន១២ស៊ីឡាំង ប៉ុន្តែផលិតកម្លាំងបានត្រឹម ៦២៦សេះ។

យ៉ាងណាក្ដី ទាំងរថយន្ត DBX707 និង Urus Performante សុទ្ធតែអះអាង​ថា​មាន​សន្ទុះ​ស្មើ​នឹងរថយន្ត Purosangue ដោយ​ស្ទុះ​ពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល​ត្រឹម ៣,៣វិនាទី ខណៈដែលរថយន្ត​ DBX តែមួយ​ប៉ុណ្ណោះ​អាច​រត់​ដល់​ល្បឿន ៣១០គ.ម/ម៉។

Ferrari មិនទាន់បានប្រកាសចេញតម្លៃសម្រាប់ SUV ដំបូងរបស់ខ្លួននោះទេ ប៉ុន្តែវាទំនងជាមានតម្លៃក្បែរ ៤០​ម៉ឺន​ដុល្លារ ដែល​ធ្វើ​ឲ្យវាថ្លៃជាងរថយន្ត SUV មហាកម្លាំងដទៃទៀតដែលមានលក់លើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម