CEO ក្រុមហ៊ុន Genesis Motors North America លោក Mark Del Rosso បានប្រាប់គេហទំព័រ Roadshow ថា រថយន្ត SUV ប្រណីតរបស់កូរ៉េខាងត្បូង Genesis GV80 នឹងមិនទាន់ចេញលក់ឆាប់ៗនេះឡើយ ប៉ុន្តែក្រុមហ៊ុនទទួលបានការកក់ទុកជិត ១០ ០០០គ្រឿងបាត់ទៅហើយ។
តាមរយៈចំនួនកក់នេះ វាគឺជាជោគជ័យដ៏ធំធេងមួយរបស់ម៉ាក Genesis ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai ខណៈក្រុមហ៊ុន Genesis បានលក់រថយន្តដាច់ត្រឹម ២១ ២៣៣គ្រឿងប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩។
គួរឲ្យដឹងថា GV80 នឹងចេញលក់នៅសហរដ្ឋអាមេរិក ក្នុងរដូវក្តៅនេះ ជាមួយនឹងតម្លៃចាប់ពី ៤៨ ៩០០ដុល្លារ។ ប្រភេទ Base Model នឹងប្រើប៉ុងមួយវិលកង់ក្រោយ ហើយបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ។
SUV នេះបំពាក់ចង្កៀង LELD, កៅអីចុចអាចសារ៉េបាន ១២បែប ហើយមានមុខងារកម្តៅ, អេក្រង់បង្ហាញព័ត៌មាន ១៤,៥អ៊ីញ, ពូកស្បែក និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញជាដើម៕