នៅទីបំផុត ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត SUV អគ្គិសនីរបស់ខ្លួនម៉ូដែល E-Tron S និង E-Tron S Sportback ជាផ្លូវការ។
SUV អត់ប្រើសាំងនេះនឹងមានបំពាក់ម៉ូទ័រអគ្គិសនីចំនួន២ ដោយ២បំពាក់នៅកង់ក្រោយ និងមួយទៀតនៅខាងមុខ។ Audi អះអាងថា រថយន្តអគ្គិសនីនេះអាចបង្កើតកម្លាំងបានសរុប ៤២៩សេះ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី និងមានល្បឿនអតិបរមាដល់ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយគ្នានេះ វាមានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩៥គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៣៦៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង សម្រាប់ម៉ូដែល E-Tron S និង ៣៧០គីឡូម៉ែត្រ សម្រាប់ E-Tron S Sportback។ អ្វីដែលរឹតតែអស្ចារ្យគឺ វាគាំទ្រការសាកភ្លើងកម្លាំង ១៥០គីឡូវ៉ាត់ ដែល Audi អះអាងថា អាចសាកភ្លើងពី ៥ ទៅ ៨០% ប្រើពេលត្រឹមកន្លះម៉ោងប៉ុណ្ណោះ។
រថយន្ត Audi E-Tron S និង E-Tron S Sportback នឹងចេញលក់នៅលើទីផ្សារអឺរ៉ុប ជាមួយនឹងតម្លៃចាប់ពី ១០៨ ៦០០ដុល្លារ និង ១១១ ២០០ដុល្លារ៕