Suzuki អាចឈប់លក់ Jimny នៅអឺរ៉ុបព្រោះហេតុផលមួយ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Autocar India បាន​ឲ្យ​ដឹង​ថា​រថយន្ត​ Jimny នឹង​ត្រូវ Suzuki ដក​ចេញ​ពី​ទីផ្សារ​អឺរ៉ុប ដោយ​សារ​ការ​រឹត​បន្តឹង​លើ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ ដែល​នឹង​ចាប់​ផ្ដើម​អនុវត្តន៍​នៅ​ឆ្នាំ ២០២១។

ប្រភព​ដដែល​បាន​​បញ្ជាក់​ថា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​បាន​ណែនាំ​ឲ្យ​​ហាង​ចែក​ចាយ​រថយន្ត​ក្នុង​ស្រុក ឈប់​ទទួល​ការ​កុម្ម៉ង់​សម្រាប់​រថយន្ត Jimny ដែល​ត្រូវ​អនុវត្តន៍​តាម​ភ្លាមៗ។ នេះ​មាន​ន័យ​ថា​រថយន្ត Jimny អាច​នឹង​ត្រូវ​ឈប់​លក់​លើ​ទីផ្សារ​អឺរ៉ុប​ចាប់​ពី​​អំឡុង​ឆ្នាំ ២០២០ នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ឆ្នាំ ២០២១ ក្រុមហ៊ុន​រថយន្ត​នីមួយ​ៗ​អាច​លក់​រថយន្ត​ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ជា​មធ្យម​ ៩៥ ក្រាម ក្នុង​មួយ​គីឡូម៉ែត្រ។ ក្រុមហ៊ុន​ដែល​​ល្មើស​នឹង​ច្បាប់​នេះ​នឹង​ត្រូវ​ពិន័យ​យ៉ាង​ធ្ងន់។

ចំពោះ​រថយន្ត​ Jimny គឺ​ប្រើ​ម៉ាស៊ីន K15B ចំណុះ ១,៥ លីត្រ ៤ ស៊ីឡាំង ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ ១៥៤ ក្រាម/មួយ​គីឡូម៉ែត្រ សម្រាប់​ប្រភេទ​ប្រើ​លេខ​ដៃ និង​ ១៧០ ក្រាម/មួយ​គីឡូម៉ែត្រ សម្រាប់​ប្រភេទ​លេខ​អូតូ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម