ក្រុមហ៊ុន Maruti Suzuki បានធ្វើការជ្រើសយកពិពណ៌រថយន្ត Auto Expo 2023 ធ្វើការបង្ហាញចេញនូវគម្រូរថយន្តអគ្គិសនីរបស់ខ្លួន ដែលគំរូរថយន្តនេះអោយឈ្មោះថា EVX ដែលមានសម្ថភាពបើកបរបានចម្ងាយប្រហែល ៥៥០គីឡូម៉ែត្រ។
នៅក្នុងពិពណ៌រថយន្តក្នុងប្រទេសឥណ្ឌានេះ Maruti Suzuki បានធ្វើការដាក់បង្ហាញនូវរថយន្ត ១៦ម៉ូឌែល ដែលមានដូចជា Grand Vitara, XL6, Ciaz, Ertiga, Brezza, WagonR Flex Fuel, Baleno, Swift និងម៉ូឌែលមួយចំនួនបន្ថែមទៀត។
តំណាងឲ្យក្រុមហ៊ុន Suzuki Motor Corporation លោក Toshihiro Suzuki បានមានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំមានសេចក្តីប្រកាសដ៏រំភើបមួយ។ ខ្ញុំរីករាយក្នុងការប្រកាស Concept eVX ដែលជារថយន្តអគ្គិសនីនៃយុទ្ធសាស្ត្រដំបូងគេបំផុតរបស់យើង។ យើងគ្រោងនឹងនាំវាទៅកាន់ទីផ្សារនាពេលអនាគតក្នុងឆ្នាំ២០២៥។”
រថយន្ត Maruti Suzuki eVX Concept ត្រូវស្ថិតនៅជាគំរូក្រោមលេខកូដ YY8 ដែលជារថយន្តប្រភេទ SUV អគ្គិសនីខ្នាតមធ្យម ដែលរចនាឡើងជា “Emotional Versatile Cruiser” ដែលត្រូវបានបង្កើតឡើងក្រោមការសហការគ្នាជាមួយក្រុមហ៊ុន Toyota ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យនៅក្នុងប្រទេសឥណ្ឌា។
សម្រាប់តួខ្លួនវាមានប្រវែង ៤ ៣០០ម.ម, ទទឹង ១ ៨០០ម.ម, កម្ពស់ ១ ៦០០ម.ម និងត្រូវបានបំពាក់មកជាអាគុយដែល Suzuki ហៅថា’Safe battery technology’ ទំហំ ៦០kWh ដែលវាអាចផ្តល់ចម្ងាយអតិបរមាប្រហែល ៥៥០គីឡូម៉ែត្រ ហើយក៏មានជម្រើសប្រភេទធម្មតា ដែលមានអាគុយតូចទំហំត្រឹម ៤៨kWh ដែលអាចបើកបរបានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ នៅពេលសាកពេញម្តងនេះបើយោងតាមការតេស្តចេញពី MIDC៕