[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Suzuki Spacia Gear ជំនាន់ថ្មី ប្រភេទ Hybrid សម្រាប់ទីផ្សារប្រទេសជប៉ុន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ធ្វើការដាក់បង្ហាញនៅឡើយទេ។
Suzuki Spacia Gear ដំណើរការដោយម៉ាស៊ីនកូនកាត់ Mild-Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសុាំង 660cc Turbocharged ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤៨ សេះ និង ៨០ សេះ ភ្ជាប់់ដោយប្រអប់លេខអូតូ CTV និងប្រភេទបើកបរប៉ុង១ និងប៉ុង២ ជាស្តង់ដារ។
រថយន្តនេះ មានការឌីស្សាញផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹង Concept របស់រថយន្ត Suzuki Spacia Papa Boku Kitchen ដែលមានបំពាក់ដោយប៉ាណាមុខរចនាបែបបញ្ឈរអបដោយចង្កៀងមុខរាងមូល LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ, ថាសកង់ទំហំ ១៥ អ៊ីញ កាងរចនាថ្មី ដំបូលដែក និងចង្កៀងក្រោយប្រភេទ LED ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានផ្ទៃថ្មីមានមុខងារការពារទឹក គ្លប់ខាងក្រោយទំហំធំអាចផ្ទុកសម្ភារៈបានច្រើន រន្ធ USB មុខងារកំដៅដៃចង្កូត និងសម្ភារៈផ្សេងៗទៀតសម្រាប់ធ្វើការបោះតង់។