
អស់រយៈពេល ៨ឆ្នាំហើយដែលក្រុមហ៊ុន Suzuki បានបង្ហាញចេញរថយន្តធុនតូចរបស់ខ្លួនគឺម៉ូឌែល XBee ហើយពេលនេះវាត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាកាន់តែទំនើប ម៉ាស៊ីនថ្មី និងការផ្លាស់ប្តូររូបរាងកាន់តែទាក់ទាញ។
រថយន្តថ្មីនេះ មកជាមួយការបំពាក់ចង្កៀង LED រាងមូល ប៉ាណារាងស្លីម និងអំពូលកាត់អ័ព្ទនៅកាងខាងក្រោម។ ចំណែកនៅផ្នែកខាងក្នុង វាបំពាក់កុងទ័រឌីជីថល ៧អ៊ីង អេក្រង់កម្សាន្តថាច់ស្គ្រីន ៩អ៊ីង និងមានអេក្រង់ Head up Display ថែមទៀតផង។ ចង្កូតរថយន្តក៏មកជាមួយ Paddle Shifter ផងដែរ។
Suzuki XBee ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង Heartect ដែលសក្តិសមក្នុងការបំពាក់ជាមួយម៉ាស៊ីន៣ស៊ីឡាំង Mild Hybrid ចំណុះ ១,២លីត្រ
ផលិតបានកម្លាំង ៨១សេះ និងកម្លាំងរមួល ១០៩ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ CVT។
Suzuki បានបំពាក់ប្រព័ន្ធសុវត្ថិភាពមួយចំនួនដល់រថយន្តម៉ូឌែល XBee ដូចជា ប្រព័ន្ធគ្រប់គ្រងល្បឿន និងប្រព័ន្ធរក្សារថយន្តក្នុងគន្លងជាដើម។ មិនតែប៉ុណ្ណោះ ប្រសិនបើ option កាន់តែខ្ពស់ គឺវាបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពកាន់តែច្រើនទៀតផងដែរ។
រថយន្ត Suzuki XBee ត្រូវបានដាក់លក់ក្នុងប្រទេសជប៉ុន ដែលមានតម្លៃចាប់ពីជាង ១៤០០០ដុល្លារ ដល់ ១៧០០០ដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ៕