Suzuki ទំនងកំពុងសម្ងំផលិតឡាន Swift ប្រភេទតួខ្ពស់ សម្រាប់ឆ្នាំ២០២៤

ប្រជាប្រិយភាពសម្រាប់រថយន្ត SUV ខ្នាតតូច កំពុងតែកើនឡើងខ្លាំងនៅលើទីផ្សារ នាពេលបច្ចុប្បន្ននេះ ដែលជំរុញឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើន ប្រឡូកក្នុងការប្រកួតប្រជែងនេះ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Suzuki កំពុងតែមានគម្រោងផលិត SUV ខ្នាតតូច ចេញពីម៉ូដែល Swift ជំនាន់ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភពដដែលបានឲ្យដឹងថា រថយន្ត Suzuki Swift ជំនាន់ថ្មី នឹងត្រូវបង្ហាញខ្លួនក្នុងឆ្នាំ២០២២ ដែលនឹងប្រើប្រាស់គ្រោងឆ្អឹង Heartech Platform របស់ Suzuki ជាមួយនឹងការអាប់ដេតរូបរាង និងការឌីហ្សាញទាំងស្រុង។ ក្នុងនោះដែរ ម៉ូដែល Swift Sport ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២៣ ដោយបំពាក់ម៉ាស៊ីនចំណុះ ១,៤លីត្រ turbocharged ជាមួយនឹងប្រព័ន្ធ mild-hybrid ៤៨វ៉ុល។

គ្រោងឆ្អឹង និងម៉ាស៊ីនខាងលើ ក៏ត្រូវបានគេរាយការណ៍ថា នឹងត្រូវប្រើលើរថយន្ត Suzuki Swift Cross ដែលនឹងបង្ហាញខ្លួននៅឆ្នាំ២០២៤ ជារថយន្តតួខ្ពស់ផងដែរ។ ក្នុងនោះគេរំពឹងថា Suzuki នឹងមានបំពាក់ប្រព័ន្ធប៉ុងពីរ AllGrip AWD នៅលើ SUV ខ្នាតតូចនេះទៀតផង។

យ៉ាងណាមិញ រថយន្ត Suzuki Swift Cross អាចនឹងជារថយន្ត Toyota Yaris Cross ដែលប្តូរឡូហ្គូ ព្រោះក្រុមហ៊ុនធ្លាប់បានធ្វើបែបនេះលើរថយន្ត ២ ម៉ូដែលរួចទៅហើយ គឺ Suzuki Swace (Toyota Corolla Sport Tourer) និង Suzuki Across (Toyota RAV4)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម